សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២

នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយមួយចំនួននៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ នេះក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ។
មហាសន្និបាត ICAPP លើកទី១២ នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ (Good Offices) ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរបស់អង្គការ ICAPP ក្នុងការតភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិសំខាន់ៗ និងបណ្ដាញគណបក្សនយោបាយនៅអឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក ក៏ដូចជាគណបក្សនយោបាយដែលមានសមានចិត្តបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងគណបក្សនៅអាស៊ី។ មហាសន្និបាត ICAPP លើកទី១២ ក៏បានដាក់បញ្ចូលកិច្ចប្រជុំតុមូលនៃគណបក្សនយោបាយអន្តរតំបន់ ក្រោមប្រធានបទ «តួនាទីគណបក្ស នយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា» ដែលមានការអញ្ជើញចូលរួមពីតំណាងមកពីគណបក្សនយោបាយនៅតំបន់អាហ្វ្រិក អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនមកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងសាមគ្គីភាពរបស់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ក្នុងការកសាងសន្តិភាព ជំរុញការផ្សះផ្សា និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមជាគណបក្សដឹកនាំមួយនៅក្នុងអង្គការ ICAPP គណបក្សប្រជាជនកម្ពុជា បានគាំទ្រដល់ការពង្រីកដៃគូសហប្រតិបត្តិការរបស់ ICAPP ជាពិសេសតាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាមធ្យោបាយសំខាន់ក្នុងការតភ្ជាប់របៀងវប្បធម៌ខុសៗគ្នា រវាងសមាជិកគណបក្សនយោបាយ ICAPP ក៏ដូចជាស្ថាប័ននៃអង្គការសហប្រជាជាតិ ដូចជា អង្គការយូណេស្កូ ជាដើម។ គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកទី៣ ក្រោមប្រធានបទ «ភាពចម្រុះនៃវប្បធម៌សម្រាប់ការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា» ដោយសង្ឃឹមយ៉ាងមុតមាំថាការពង្រឹងកិច្ចសហប្រតិបត្តិការរបៀងវប្បធម៌ ជាមួយនឹងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសៗ គ្នា មានសារៈសំខាន់ណាស់ដើម្បីជំរុញការតភ្ជាប់ជាមួយនឹងបណ្ដាលប្លុកប្រទេសផ្សេងៗ ដោយផ្អែកលើវប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីការរួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យ ស្មើភាព វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ វប្បធម៌សន្ទនា និងវិបុលភាពសេដ្ឋកិច្ច (3M4Peace) ឱ្យបានល្អ។
គណបក្សប្រជាជនកម្ពុជា ក៏យកចិត្តទុកដាក់ខ្ពស់ចំពោះវេទិកាយុវជន ICAPP និងវេទិកាស្ត្រី ICAPP និងសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដោយបានដាក់បញ្ចូលកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថលដើម្បីថែរក្សាសន្តិភាព» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាក្តីកង្វល់រួមមួយរបស់ពិភពលោកបច្ចុប្បន្ន។

អត្ថបទដែលជាប់ទាក់ទង