ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅមកវិញ
កៀវ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថា មានតែតាមរយៈការទូតប៉ុណ្ណោះ ទើបអាចស្តារ ឧបទ្វីបគ្រីមា ដែលត្រូវរុស្ស៉ីកាត់យកទៅកាលពីឆ្នាំ២០១៤ ឱ្យមកស្ថិតក្រោមអធិបតេយ្យរបស់អ៊ុយក្រែន វិញបាន។
ក្នុងបទសម្ភាសន៍មួយជាមួយ សារព័ត៌មានអាមេរិក Fox News នៅអ៊ុយក្រែន ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា ប្រទេសរបស់លោក មិនអាចលះបង់ជីវិតមនុស្សក្នុងចំនួន ដែលនឹងត្រូវចាំបាច់ ក្នុងការដណ្តើម យកតំបន់គ្រីមៀមកវិញ តាមរយៈការប្រើប្រាស់យោធា នោះឡើយ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «យើងមិនអាចចំណាយអាយុជីវិតរបស់ប្រជាជនយើង រាប់ម៉ឺនរាប់សែននាក់ ដើម្បីឱ្យពួកគេពលី ក្នុងបុព្វហេតុយកតំបន់គ្រីមៀ ត្រឡប់មកវិញឡើយ។ ម៉្យាងវិញ ពួកយើងក៏ប្រហែលមិនអាចដណ្តើមយកវាមកវិញ ដោយប្រើអាវុធនៅក្នុងដៃនោះដែរ។ យើងទទួលស្គាល់ថា គ្រីមៀអាចមានសង្ឃឹមយកមកវិញបាន តាមរយៈមធ្យោបាយការទូត»។
គួរបញ្ជាក់ថា រុស្ស៉ីបានកាត់យកគ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ដោយឡែក ចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើ អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក កងទ័ពរុស្ស៉ីបានកាន់កាប់ទឹកដីប្រហែល១ភាគ៥ របស់អ៊ុយក្រែន ហើយបានប្រកាសកាត់បញ្ចូល ខេត្តចំនួន៤ ជាឧបសម្ព័ន្ធរបស់រុស្ស៉ី ទោះខ្លួនគ្រប់គ្រងមិនពេញលេញទាំងស្រុង លើខេត្តទាំង៤នោះក៏ដោយ។ សាជាថ្មីម្តងទៀត លោក ហ្សេលេនស្គី នៅតែបន្តមិនទទួលស្គាល់ ទឹកដីទាំងឡាយរបស់អ៊ុយក្រែន ដែលកំពុងស្ថិតក្រោមការត្រួត ជារបស់រុស្ស៉ី៕