សម្រេចផ្ដន្ទាទោសប្រហារជីវិតនារីជនជាតិថៃម្នាក់ ដែលជាប់ចោទពីបទដាក់ថ្នាំពុល ស្យានីត (cyanide) សម្លាប់មនុស្ស១៤នាក់ ដែលជាអំពើមនុស្សឃាត
ទីក្រុងបាងកក៖ តុលាការថៃសម្រេចផ្ដន្ទាទោសប្រហារជីវិតនារីជនជាតិថៃម្នាក់ដែលជាប់ចោទពីបទដាក់ថ្នាំពុលស្យានីត (cyanide) សម្លាប់មនុស្ស១៤នាក់ដែលជាអំពើមនុស្សឃាតមានស្ថានទម្ងន់ទោស។ ស្ត្រីឈ្មោះសារ៉ារ៉ាត់ អាយុ៣៦ឆ្នាំជាមនុស្សដែលញៀននឹងល្បែងអនឡាញ។ តុលាការរកឃើញថាស្ត្រីរូបនេះបានឆបោកប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះ។ បន្ទាប់មកស្ត្រីរូបនេះដាក់ថ្នាំគីមីសម្លាប់ពួកគេចោលតែម្ដងដើម្បីបំបិទមាត់ឱ្យស្ងាត់ឈឹងកុំឱ្យបែកធ្លាយទៅអ្នកដទៃ។
តុលាការទីក្រុងបាងកកបានចេញសាលក្រមផ្ដន្ទាទោសកាលពីថ្ងៃពុធពីបទដាក់ថ្នាំពុលសម្លាប់មិត្តភក្ដិរបស់ខ្លួនឈ្មោះសិរីផន។ អ្នកទាំង២ជួបគ្នានៅក្បែរទីក្រុងបាងកកកាលពីខែមេសា ឆ្នាំ២០២៣ នៅក្នុងពិធីលែងមច្ឆជាតិទៅក្នុងទឹកទន្លេ។ កំពុងចូលរួមពិធីនោះសុខៗ ស្រាប់តែមិត្តភក្តិរូបនេះដួលព្រូសទៅលើដី និងផុតដង្ហើមតែម្ដង។ ក្រោយមក សមត្ថកិច្ចធ្វើកោសល្យវិច័យ (វះកាត់សាកសព) រកឃើញសារធាតុពុលដ៏សាហាវឈ្មោះស្យានីតនៅក្នុងសរីរៈរាងកាយរបស់ជនរងគ្រោះ។
ការរកឃើញសារធាតុនេះធ្វើឱ្យសមត្ថកិច្ចតាមដានថយក្រោយវិញ និងនឹកឃើញទៅដល់ព្រឹត្តិការណ៍ស្លាប់មនុស្សជាច្រើននាក់ទៀតដោយសារសារធាតុស្យានីតនេះ ហើយដែលមិនទាន់អាចបំបែកសំណុំរឿងក្ដីនេះឱ្យបានជ្រះស្រឡះនៅឡើយទេ។ ជាពិសេស រកមិនទាន់ឃើញថាតើនេះជាស្នាដៃរបស់នរណា។ សំណុំរឿងចាស់ៗដែលកើតឡើងតាំងពីឆ្នាំ២០១៥ត្រូវសមត្ថកិច្ចពិនិត្យសើរើឡើងវិញ។
ក្រោយពេលតុលាការចេញសេចក្ដីសម្រេចប្រហារជីវិតស្ត្រីឈ្មោះសារ៉ារាត់ ម្ដាយរបស់ជនរងគ្រោះឈ្មោះសិរីផនបង្ហាញការពេញចិត្តពេញថ្លើមជាខ្លាំង។ អ្នកស្រីយល់ថាសាលក្រមនេះបានផ្ដល់យុត្តិធម៌សម្រាប់ជីវិតកូនស្រីរបស់គាត់។ សមត្ថកិច្ចរកឃើញថានាងសារ៉ារ៉ាត់ត្រូវការលុយដើម្បីលេងល្បែងអនឡាញ។ ដូច្នេះ នាងត្រូវដើរខ្ចីលុយពីជនរងគ្រោះ។ មានពេលខ្លះខ្ចីបានដល់៣សែនបាត (ជិត៩ពាន់ដុល្លារ)។ បន្ទាប់មក នាងដាក់ថ្នាំពុលស្យានីតដើម្បីសម្លាប់បំបាត់ដាន និងដោះយកគ្រឿងអលង្ការ ឬលុយកាក់របស់ជនរងគ្រោះ។
ស្ត្រីរូបនេះបានល្បួងមនុស្ស១៥នាក់ឱ្យដើរចូលទៅក្នុងអន្ទាក់មរណៈ។ រួចហើយសំឡេះពួកគេម្ដងម្នាក់ៗ។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះ មានម្នាក់អាចរួចផុតពីសេចក្ដីស្លាប់។ ក្រៅពីទោសប្រហារជីវិតនេះ សារ៉ារ៉ាត់ជាប់បណ្ដឹងចំនួន១៣ទៀតពាក់ព័ន្ធនឹងអំពើមនុស្សឃាត។ សរុបទាំងអស់, ស្ត្រីរូបនេះជាប់បណ្ដឹងចំនួន៨០។ អតីតស្វាមីរបស់នាងត្រូវជាប់ពន្ធនាគារ១៦ខែ ខណៈដែលអតីតមេធាវីរបស់នាងក៏ត្រូវជាប់ពន្ធនាគារ២ឆ្នាំផងដែរពីបទជួយបិទបាំងអំពើមនុស្សឃាតនេះ។
គួរកត់សម្គាល់ថាប្រទេសថៃកំពុងតែស្អុយឈ្មោះសម្បើមណាស់នៅលើឆាកអន្តរជាតិពាក់ព័ន្ធនឹងអំពើមនុស្សឃាតដ៏ឃោរឃៅ និងចម្លែកៗ។ ជាពិសេស អំពើឃាតកម្មទៅលើអ្នកទេសចរបរទេស។ កាលពីដើមឆ្នាំ២០២៤មានករណីដាក់ថ្នាំពុលស្យានីតសម្លាប់ជនជាតិបរទេស៦នាក់នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយនៅទីក្រុងបាងកក។ សំណុំរឿងនេះត្រូវគេជឿជាក់ថាជាប់ពាក់ព័ន្ធនឹងការជំពាក់បំណុល៕