ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដាក់អ្នកច្បាប់ឱ្យកាន់តំណែងមន្រ្តីទូត ប្រចាំអង្គការ NATO

វ៉ាសុីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក Matthew Whitaker ដែលជាអ្នកច្បាប់មួយរូប និងមានបទពិសោធន៍ផ្នែកការបរទេសតិចតួច ត្រូវបានប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ជ្រើសរើសឱ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការណាតូ។
លោក ត្រាំ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «Matt គឺជាអ្នកចម្បាំងដ៏រឹងមាំ និងជាអ្នកស្នេហាជាតិដ៏ស្មោះត្រង់ ដែលនឹងធានាការពារផលប្រយោជន៍អាមេរិក។ Matt នឹងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត NATO របស់យើង ហើយឈរយ៉ាងរឹងមាំ ប្រឈមមុខនឹងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។ គាត់នឹងគិតប្រយោជន៍ប្រជាជនអាមេរិកជាធំ»។
លោក Whitaker ធ្លាប់កាន់តួនាទីអគ្គរដ្ឋអាជ្ញាស្តីទី រយៈពេល ៣ខែអំឡុងអាណត្តិទី ១របស់លោក ត្រាំ ពីឆ្នាំ ២០១៧-២០២១ និងបានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថាន America First Policy ដែលជាក្រុមអ្នកស្តាំនិយម ធ្វើការងាររៀបចំគោលនយោបាយ សម្រាប់អាណត្តិទីពីរឱ្យលោក ត្រាំ។
លោក Whitaker ក៏ត្រូវបានគេស្គាល់ថាជាអ្នករិះគន់ឥតសំចៃ ទៅលើការស៉ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស ជុំវិញទំនាក់ទំនងរវាងយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០១៦ របស់លោក ត្រាំ ជាមួយក្រុមមន្ត្រីរុស្ស៉ីផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអង្គការណាតូ ក៏បានជួបប្រទះនូវភាពតានតឹងដែរ កាលពីអាណត្តិដំបូងរបស់លោក ត្រាំ ខណៈដែលប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ បានរិះគន់អង្គការណាតូ ហើយចោទប្រកាន់សមាជិកអឺរ៉ុបថា ចាយលុយតិចពេកលើវិស័យការពារជាតិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង