សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងប្រទេសមហាអំណាចនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងមហាអំណាចនោះទេ ។

ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងរស់នៅ ក្នុងបរិយាកាសនៃភាពមិនប្រាកដប្រជាខ្ពស់ ដោយមហាអំណាច កំពុងបំពានលើសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដែលយើងអាចមើលឃើញក្នុងចំណងជើងសារព័ត៌មាន ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងនេះក្តី កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងមហាអំណាចនោះទេ។ យើងត្រូវទទួលស្គាល់ពីសារសំខាន់របស់ប្រទេស អំណាចថ្នាក់កណ្តាល និងរដ្ឋតូចៗផងដែរ ព្រោះពួកគេក៏មានឯករាជ្យភាព និងមហិច្ឆតា នៅក្នុងការដើរតួនាទីដ៏មានអត្ថន័យ ក្នុងការទូតភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដើម្បីជំរុញសន្តិភាព នៅជុំវិញពិភពលោកដែរ»។

សម្តេចបរធិបតី បានលើកឡើងទៀតថា ប្រទេសកម្ពុជាក៏មានបំណងចង់ រួមចំណែកដល់ការកសាងសហគមន៍សកល ដែលចងភ្ជាប់គ្នាដោយសន្តិភាព, វិបុលភាព និងពហុ ភាគីនិយម ប្រកបដោយបរិយាប័ន្ន។

សម្តេចធិបតី បានបន្ថែមថា សហគមន៍សកលរបស់យើង ស្ថិតនៅលើចំណុចរបត់មួយ។ មូលដ្ឋានគ្រឹះនៃសន្តិភាព ដែលត្រូវបានកសាងឡើងលើគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ចាប់តាំងពី ការបញ្ចប់សង្គ្រាមលោកលើកទី២ ត្រូវបាននិងកំពុងត្រូវបានសាកល្បងដល់ចំណុចមិនធ្លាប់មាន ដោយសារការប្រកួតប្រជែងដ៏តានតឹង ដែលនាំឱ្យមានសង្គ្រាម ទាំងត្រជាក់ និងក្តៅ៕

អត្ថបទដែលជាប់ទាក់ទង