ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយមួយកន្លែង នៅសង្កាត់ទួលស្វាយព្រៃទី២
ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ បានឆាបឆេះតូបលក់ចាប់ហួយមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្ទះលេខ៤២D ផ្លូវ២០៥កែងផ្លូវ៣៣៨ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺប្រភេទតូប ទំហំ (៣ម៉ែត្រ គុណ ០.៥០ម៉ែត្រ) ឆេះទូរទឹកកកចំនួន០១គ្រឿង និងឥវ៉ាន់លក់ចាប់ហួយមួយចំនួន ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ប៉ុន្តែនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ៕