អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរងការខូចខាតដោយសារទឹកជំនន់ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរងខូចខាតក្នុងកំឡុងពេលមានទឹកជំនន់ ដូចជាផ្លូវ ស្ពាន នៅក្នុងស្រុកស្ទឹងត្រង់ ស្រុកចំការលើ និងស្រុកព្រៃឈរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងនោះ កំពុងត្រូវបានស្ថាបនា ស្ដារឡើងវិញ ដោយកន្លែងខ្លះបានស្ថាបនារួចរាល់ និងចំណុចខ្លះទៀតកំពុងតែបន្តស្ថាបនាឡើងវិញផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅចំណុចស្ពានមួយកន្លែង ហៅវាលត្រដក់ពង ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ដោយស្ពាននោះកំពុងស្ថាបនាបានសសររួចទាំងស្រុង និងគ្រឹះក្រោម ដែលស្ពាននេះដែរនឹងអាចសាងសង់រួចរាល់នៅបំណាច់ឆ្នាំ ២០២៤ នេះ។ ដោយឡែក ផ្លូវគមនាគមន៍ជាច្រើនខ្សែ ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានផ្លូវក្រាលកៅស៊ូ និងបេតុង ក៏កំពុងលេចរូបរាងបណ្តើរៗ ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមបរិបទ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង