ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”
ភ្នំពេញ៖ ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា” ជាមួយក្រុមការងារគម្រោងមកពីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាឆ្លងរបាយការណ៍វឌ្ឍនភាព នៃគម្រោងប្រចាំឆ្នាំ២០២៤ និងពិនិត្យពិភាក្សាលើការរៀបចំទីតាំងដំឡើងគ្រឿងបរិក្ខារសម្រាប់អនុវត្តសាកល្បង (Pilot Project) លើកំណាត់ផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង លោក អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ផងដែរ។
គោលបំណងនៃគម្រោងនេះ គឺដើម្បីសិក្សាលទ្ធភាពជួយដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ បង្កើតគោលនយោបាយតាមរយៈប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS)៕