តុលាការកំពូល សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន
(ភ្នំពេញ)៖ តុលាការកំពូល បានសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ហៅកាត់ថា (CACJ) (Council Of ASEAN Chief Justices) និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន ដែលដឹកនាំគណៈប្រតិភូដោយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចជ្រើសតាំងប្រធានតុលាការកំពូលនៃសាធារណរដ្ឋហ្វីលីពីនជាប្រធាន CACJ និងក្រោយពីបានស្តាប់ ពិភាក្សាលើរបាយការណ៍របស់ក្រុមការងារជំនាញចំនួន៩ ព្រមទាំងការពិភាក្សាលើសំណើផ្សេងៗ ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ានបានទទួលស្គាល់ពីវឌ្ឍនភាព ការងារតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនាពេលកន្លងមកលើកិច្ចការទាក់ទងនឹងគេហទំព័រតុលាការអាស៊ាន, ការសម្របសម្រួលកិច្ចដំណើរការក្នុងរឿងក្តីរដ្ឋប្បវេណី, បច្ចេកវិទ្យា ព័ត៌មានវិទ្យានិងការគ្រប់គ្រងសំណុំរឿង, ការអប់រំនិងបណ្តុះបណ្តាលតុលាការ, វិវាទឆ្លងដែនពាក់ព័ន្ធ នឹងកុមារ, ការធ្វើសវនាការតាមប្រព័ន្ធវីដេអូ, កិច្ចសហប្រតិបត្តិការអាស៊ានបូក, ការសិក្សាអំពីកិច្ចការ អនាគតរបស់ CACJ និងសកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន-អន្តរជាតិសម្រាប់ឧត្តមភាពតុលាការ IFCE (ASEAN-International Framework for Court Excellence)។
ជាចុងក្រោយ ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ានបានចុះហត្ថលេខាលើ «សេចក្តីប្រកាស ទីក្រុងសេប៊ូ» ដោយបានសម្រេចបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការតាមរយៈក្រុមការងារជំនាញដោយផ្តោតលើកិច្ចការសំខាន់ៗជាច្រើនក្នុងនោះមានដូចជា៖
*ទី១៖ បន្តសិក្សារៀបចំអនុស្សារណៈនៃការណែនាំ (Memorandum of Guidance) ស្តីពីការ ទទួលស្គាល់ និងការអនុវត្តសាលក្រមទាក់ទងនឹងសិទ្ធិលើបំណុលជាប្រាក់នៅក្នុងប្រទេសជាសមាជិក អាស៊ាន, ពិធីសារសាមញ្ញស្តីពីនីតិវិធីនៃការផ្ទៀងផ្ទាត់យថាភូតភាពនៃសេចក្តីសម្រេចតុលាការក្នុងប្រទេសជាសមាជិកអាស៊ាន និងវិធានច្បាប់គំរូអំពីការធ្វើសវនាការតាមប្រព័ន្ធវីដេអូនៅក្នុងប្រទេសជាសមាជិកអាស៊ាន។
*ទី២៖ សិក្សាពីលទ្ធភាពធ្វើកិច្ចសហការជាមួយនឹងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទទីក្រុងឡាអេ ស្តីពីនីតិអន្តរជាតិឯកជន ដើម្បីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលចៅក្រម និងមន្ត្រីតុលាការអាស៊ាន។
*ទី៣៖ ពង្រឹងការផ្លាស់ប្តូរចំណេះដឹងរវាងតុលាការនៃប្រទេសជាសមាជិកអាស៊ាន ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងរៀបចំកម្រងពីឧត្តមានុវត្តន៍នៃការជំនុំជម្រះក្តីលើសំណុំរឿងជួញដូរមនុស្សនៅ តុលាការប្រទេសជាសមាជិកអាស៊ាន។
*ទី៤៖ សិក្សាពីលទ្ធភាពរៀបចំអនុស្សារណៈរវាងក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន (CACJ) ជាមួយនឹងតុលាការកំពូលនៃសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ពាក់ ព័ន្ធជាពិសេសនឹងឧត្តមានុវត្តន៍លើការធ្វើសវនាការតាមប្រព័ន្ធវីដេអូ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃសិទ្ធិទទួលបានយុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋទូទៅ។
*ទី៥៖ ពិនិត្យពីលទ្ធភាពធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយតុលាការកំពូលនៃប្រទេសអូស្ត្រាលី
ទី៦៖ បង្កើតកម្មវិធីបណ្តុះបណ្តាលពិសេសសម្រាប់អ្នកដឹកនាំតុលាការអាស៊ានវ័យក្មេង
ទី៧៖ អនុម័តលើពិធីសារគំរូនៃទំនាក់ទំនងរវាងតុលាការនិងតុលាការ និងសេចក្តីណែនាំគំរូលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនចងជាកាតព្វកិច្ច
ទី៖ បង្កើតក្រុមការងារជំនាញថ្មីស្តីពីយុត្តិធម៌អាកាសធាតុ (Climate Justice)
ទី៩៖ បង្កើតកិច្ចប្រជុំអចិន្ត្រៃយ៍ប្រចាំឆ្នាំរវាងចៅក្រមជំនាញខាងក្ស័យធន
ទី១០៖ អនុញ្ញាតឱ្យមានការធ្វើទំនាក់ទំនងដោយផ្ទាល់រវាងលេខាធិការដ្ឋាន CACJ ជាមួយលេខាធិការដ្ឋានអាស៊ាន៕