ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សា១ខ្នង ៦បន្ទប់ និងទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យ ហ៊ុន សែន មាឃបី ស្រុកស្ទឹងត្រង់
កំពង់ចាម: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងថា ការរៀនសូត្រមិនត្រឹមតែនៅក្នុងសាលានោះទេ គឺយើងត្រូវរៀនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា យើងរៀនពីចាស់ទុំជុំវិញខ្លួន យើងស្តាប់ពីចាស់ទុំណែនាំ ចំណុចដែលល្អយេីងត្រូវរៀនសូត្រតាម ចំណុចខ្វះខាត ឬក៏មិនល្អ គឺយើងត្រូវយកធ្វើជាមេរៀនដើម្បីកុំឱ្យមានការជ្រុលជ្រួស ។ ការណែនាំបែបនេះក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ៦បន្ទប់ និងទីចាត់ការ១ខ្នង នៅអនុវិទ្យាល័យ ហ៊ុន សែន មាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្តាំផ្ញេីដល់ក្មួយៗសិស្សានុសិស្សថា ឱកាសដែលថ្នាក់ដឹកនាំជំនន់មុនបានរក្សាទុក សន្តិភាពស្ថេរភាពនេះ គឺមានសារៈសំខាន់ណាស់ ក្មួយៗកើតឡើងគឺអ្វីៗយើងមានទាំងអស់ ពុំមានចាំបាច់ដូចអ៊ំៗ ពូៗ ដែលត្រូវការរត់គេចគ្រាប់ផ្លោងនោះទេ ដោយសារសន្តិភាពស្ថេរភាពដែលយើងមានសព្វថ្ងៃនេះ ក្មួយៗត្រូវការឆ្លៀតឱកាសឱ្យពេញលេញតែម្តង ដើម្បីក្រេបជញ្ជក់យកចំណេះដឹង កសាងខ្លួនដើម្បីសង្គម កសាងខ្លួនដើម្បីក្រុម គ្រួសារ ហើយក៏ដើម្បីខ្លួនឯងនឹងផ្ទាល់ផងដែរ ។
ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក បានបន្តថា ការខិតខំប្រឹងប្រែងរៀនសូត្រ ពុំអាចមានអ្នក ណាបង្ខិតបង្ខំក្មួយៗបានទេ លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរ គាត់ចែករំលែកចំណេះដឹង ចំណេះធ្វើ ទាំងគុណធម៌ និងសីលធម៌ ជូនក្មួយៗ ប៉ុន្តែការក្រេបជញ្ជក់ចូលបានប៉ុន្មានភាគរយ គឺ អាស្រ័យទៅលើខ្លួនយើងផ្ទាល់ អញ្ចឹងត្រូវការឆ្លៀតឱកាសពេលដែលយើងមានសុខសន្តិភាព ពេញលេញនេះ ត្រូវទាញយកចំណេះដឹង រៀនឱ្យបានច្រើន រៀនឱ្យយល់ ហើយសួរទៅលោកគ្រូ អ្នកគ្រូ ដែលជាមាតាបិតា ជាមជ្ឈមណ្ឌលចំណេះដឹង សួរកាន់តែច្រើន ក្រេបជញ្ជក់ឱ្យបានកាន់តែច្រើន យើងរៀននៅអនុវិទ្យាល័យ យើងបន្តទៅវិទ្យាល័យ យើងនឹងបន្តទៅមុខទៀត នៅក្នុង សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ក្មួយៗត្រូវការពង្រឹងសមត្ថ ភាព ក៏ដូចជាគុណធម៌ និងសីលធម៌ក្នុងខ្លួន ហើយត្រូវជៀសឱ្យផុតពីបញ្ហាបងតូចបងធំ និងបញ្ហា អសកម្មមួយចំនួនទៀត មានតែគ្នាយើងទេ មានតែក្រុមយើងទេ ដែលអាចជួយតម្រង់ទិសគ្នា ទៅវិញទៅមក ដូច្នេះយើងត្រូវដើរជាក្រុម ប្រសិនជាមានបងប្អូនណាម្នាក់ មានការបែកផ្លូវ ដែលយើងគិតថា ជាផ្លូវមិនត្រូវទេ ជាលក្ខណៈបងតូចបងធំ ឬក៏ការប្រើប្រាស់សារធាតុខុសច្បាប់នោះ យើងជាក្រុមត្រូវទាញចូលមកវិញ គឺយើងដើរជាមួយគ្នា ដើរទៅមុខរួមគ្នា ដើម្បីខ្លួនយើងទាំងអស់គ្នា ។
គួរបញ្ជាក់ថា អនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានអគារតែ១ខ្នង ចំនួន ៦បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយមានការ ខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។ ដោយមើលឃើញពីការលំបាកបែបនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកជំទាវ បានរួមគ្នាចូលរួមចំណែកកសាង អគារសិក្សាមួយខ្នងបន្ថែមទៀត មាន ចំនួន ៦បន្ទប់ និងទីចាត់ការថ្មី ១ខ្នងសម្រាប់លោកគ្រូ អ្នកគ្រូ ផងដែរ ៕