បុរសម្នាក់អះអាងថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផឹកស្រាស្រវឹង ដើរទៅដើរមកគិតអីមិនចេញបានវ៉ៃកញ្ចក់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ បុរសម្នាក់អះអាងថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផឹកស្រាស្រវឹង ដើរទៅដើរមកគិតអីមិនចេញបានវ៉ៃកញ្ចក់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យបែកកញ្ចក់រងការខូចខាត បែកទាំងដៃរងរបួស នៅតាមផ្លូវបេតុងប្រឡាយទឹកស្អុយ ស្ថិតនៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
មុនពេលកើតហេតុគេឃើញបុរសម្នាក់ដើរទៅដើរមកក្នុងស្ថានភាពស្រវឹង មួយសន្ទុះក្រោយមកស្រាប់តែមកផ្អែកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋរួចក៏បានប្រើកណ្តាប់ដៃវ៉ៃទៅលើទ្វារកញ្ចក់ផ្ទះ បណ្តាលឲ្យបែកកញ្ចក់រងការខូចខាត រួចបែកទាំងដៃហូរឈាមយ៉ាងខ្លាំង ។
ប្រភពព័ត៌មានបានបន្តថា ឃើញដូច្នោះប្រជាពលរដ្ឋក៏បាននាំគ្នាឃាត់បុរសខាងលើ តែត្រូវបុរសខាងលើថាបានប្រាប់ទៅប្រជាពលរដ្ឋវិញថារូបគេជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានកាតសំគាល់ខ្លួនទៀតផង គាត់បានស្រែកប្រាប់ប្រជាពលរដ្ឋថា រូបគាត់ត្រូវបានគេបោកយកលុយនិងទូរស័ព្ទអស់ពីខ្លួន គាត់គិតអីមិនចេញ ក៏មានរឿងបែបនេះទៅ ពេលនោះក៏មានមិត្តភក្តិ របស់បុរសខាងលើក៏បានជិះម៉ូតូមកដល់កន្លែងកើតហេតុបាននិយាយជាមួយនិងម្ចាស់ផ្ទះ រួចក៏បានដឹកបុរសខាងលើទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ ។
កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ក៏បានចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការសួរនាំទៅលើម្ចាស់ផ្ទះក៏បានប្រាប់ថាមិត្តភក្តិរបស់បុរសដែលវ៉ៃកញ្ចក់ទ្វារផ្ទះរបស់គាត់បាននិយាយជាមួយគាត់រួចរាល់ហើយ ពេលនោះម្ចាស់ផ្ទះក៏មិនបានប្ដឹងផ្ដល់ទៅលើបុរសដែលជាអ្នកវ៉ៃទៅលើកញ្ចក់ផ្ទះរបស់គាត់ដែរ ៕