ឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់សំណង់មិនរៀបរយ ឬសំណង់អនាធិបតេយ្យ
ទីក្រុងម៉ានីឡា៖ ហេតុការណ៍ឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់សំណង់មិនរៀបរយ ឬសំណង់អនាធិបតេយ្យនៃទីក្រុងម៉ានីឡា ប្រទេសហ្វ៊ីលីពីន កាលពីព្រឹកមិញ។ សាក្សីនិយាយថាភ្លើងចាប់ផ្ដើមឆាបឆេះយ៉ាងឆាប់រហ័ស បញ្ចេញពន្លឺពណ៌លឿងទុំ និងផ្សែងហុយទ្រលោមទៅលើអាកាស។ គេដឹងថាបរិមាណផ្ទះដែលឆេះនោះមានចំនួនរាប់រយខ្នងដែលគេសាងសង់យ៉ាងចង្អៀតណែនណាន់តាន់តាប់លើគ្នា។
ទីភ្នាក់ងារពន្លត់អគ្គិភ័យថ្លែងថាផ្ទះប្រហែលមួយពាន់ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់រលីងត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ អគ្គិភ័យនេះមានចំណុចចាប់ផ្ដើមពីផ្ទះមួយកន្លែងនៅជាន់ទីពីរ។ រហូតមកដល់ពេលនេះ គេមិនទាន់ទទួលដំណឹងថាមានករណីស្លាប់មនុស្សដោយសារហេតុការណ៍នេះទេ។ តាមរយៈវីឌីអូដែលថតបានពីយន្តហោះដ្រូន គេឃើញថាផ្ទះជាច្រើនខ្នងនៅភូមិឥស្លា ពូទីង បាតូ (Isla Putting Bato) នៃជាយទីក្រុងម៉ានីឡាត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទី រាបដល់ដីតែម្ដង។
នៅម្ដុំសំណង់អនាធិបតេ្យនេះមានមនុស្សរស់នៅប្រហែល២ពាន់គ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យបង្ហើបឱ្យដឹង។ អ្នករស់នៅក្នុងភូមិនេះម្នាក់ឈ្មោះឡេអូនីឡា (Leonila) អាយុ៦៥ឆ្នាំប្រាប់ថាគាត់បានបាត់បង់អ្វីៗគ្រប់យ៉ាងនៅក្នុងហេតុការណ៍នេះ។ គិតទៅ របស់របរបន្តិចបន្តួចដែលសន្សំបាននៅក្នុងជីវិតនេះត្រូវរលាយខ្សុលដូចអំបិលត្រូវទឹក ឬក្រមួនត្រូវថ្ងៃ។
ស្ត្រីខាងលើនេះប្រាប់ថាអ្វីដែលគាត់អាចស្រវាយកបានមកជាប់នឹងខ្លួនមុនពេលគេចចេញពីហេតុការណ៍ដ៏រន្ធត់នេះគឺធាតុ១កោដ្ឋរបស់ស្វាមីខ្លួនតែប៉ុណ្ណោះ។ គាត់និយាយទាំងស្រក់ទឹកភ្នែកប្រាប់អ្នកសារព័ត៌មានថាបានតែធាតុ១កោដ្ឋនេះទេ។ ឥឡូវនេះ នៅពេលឆេះផ្ទះខ្ទេចដល់ថ្នាក់នេះ គាត់មិនដឹងថាតើត្រូវចាប់ផ្ដើមជីវិតពីចំណូចសូន្យមកវិញដោយរបៀបណាទេ។
ទម្រាំពន្លត់អគ្គិភ័យនេះទាំងស្រុង អាជ្ញាធរប្រើប្រាស់ឡានទឹក៣៦គ្រឿង និងទូកពន្លត់អគ្គិភ័យ៤គ្រឿង។ កងទ័ពអាកាសហ្វ៊ីលីពីនក៏ចូលរួមចំណែកនៅក្នុងការពន្លត់អគ្គិភ័យនេះផងដែរដោយបញ្ជូនឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីបាញ់ទឹកពីលើអាកាស។ ភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់ប្រាប់ថាទីនេះងាយនឹងរងគ្រោះដោយសារភ្លើងឆេះព្រោះផ្ទះភាគច្រើនសង់ពីកៀកៗគ្នាពេក។
ម៉្យាងទៀត ផ្ទះទាំងនេះមិនមែនជាផ្ទះថ្មទេ ប៉ុន្តែជាផ្ទះសាងសង់ពីវត្ថុដែលងាយនឹងឆាបឆេះយ៉ាងឆាប់រហ័ស។ ក្រោយពេលកើតមានហេតុការណ៍នេះ គេមិនទាន់ដឹងថាតើអាជ្ញាធរនឹងមានចំណាត់ការបែបណាជាបន្តទៀត។ តើត្រូវបណ្ដេញអ្នកទាំងនេះទៅរស់នៅតំបន់ថ្មី? ឬក៏ជួយសម្រួលជីវភាពលំបាករបស់ពួកគេដោយផ្ដល់ប្រាក់សំណងមួយចំនួន ឬជួយសាងសង់ផ្ទះឡើងវិញនៅទីកន្លែងដដែល។ គេមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់អំពីបញ្ហានេះនៅឡើយដែរ៕