នៅលើទឹកដីខេត្តសៀមរាប កម្ពុជាពីប្រទេសធ្លាប់រងគ្រោះយ៉ាងខ្លោចផ្សាដោយសារសង្គ្រាម និងគ្រាប់មីន បណ្ដាអ្នកពាក់ព័ន្ធមកពីជាង១៥០ប្រទេស ជួបជុំគ្នានៅលើទឹកដីអង្គរ ដើម្បីជជែកពីការកសាងពិភពលោកគ្មានមីន

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ ពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប កម្ពុជាពីប្រទេសធ្លាប់រងគ្រោះយ៉ាងខ្លោចផ្សាដោយសារសង្គ្រាម និងគ្រាប់មីននោះ ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ ជជែកពិភាក្សាដើម្បីឈានឆ្ពោះទៅកាន់ពិភពលោកមួយគ្មានមីន។ ការគ្មានមីន ជាការនាំមកនូវភាពសុខដុមសម្រាប់មនុស្សជាតិ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន នឹងមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។ ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានគូសរំលេចថា ការអញ្ជើញជាអធិបតីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ជាការបង្ហាញឱ្យឃើញនូវការគិតគូរ និងយកចិត្តទុកដាក់របស់ចំពោះសុខមាលភាពរបស់មនុស្សជាតិលើពិភពលោក ដែលរងគ្រោះដោយសារគ្រាប់មីន។
អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មានរដ្ឋភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និងជាដៃគូ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយបើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត២៥ឆ្នាំនេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ត្រូវបានរកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ពាន់នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកលដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញាមនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួមសង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិងកំពុងបំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីនប្រឆាំងមនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុងការងារបោសសម្អាតមីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។
កម្ពុជា បានក្លាយទៅជាប្រទេសដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានការទុកចិត្តឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រោយពេលអនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុបបំបាត់មីនលើសកលលោក។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបានពីនយោបាយឈ្នះ-ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូនជាតិ។ ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងពិនិត្យឡើងវិញនៃការងាររបស់អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សលោក។ រាល់៥ឆ្នាំម្តងអនុសញ្ញាអូតាវ៉ា មានកិច្ចប្រជុំបែបនេះ ដើម្បីវាយតម្លៃការងារ៥ឆ្នាំកន្លងមក ហើយរៀបចំផែនការសកម្មភាព៥ឆ្នាំទៅមុខទៀត។
ឯកឧត្តមបណ្ឌិត លី ធុជ បានឱ្យដឹងទៀតថា គោលដៅនៃកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប មានចំនួន៣រួមមាន៖ ទី១).

ពិនិត្យឡើងវិញនូវសកម្មភាព និងស្ថានភាពនៃការអនុវត្តន៍អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំកន្លងមក, ២).ដើម្បីធ្វើសេចក្តីសម្រេចចិត្តមួយចំនួនទាក់ទងទៅនឹងរដ្ឋភាគីទាំងឡាយ ដែលបាននិងកំពុងអនុវត្តន៍កាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា, ទី៣).ដើម្បីអនុវត្តន៍នូវឯកសាសំខាន់ៗ ដែលនឹងយកទៅប្រើប្រាស់យូរអង្វែងដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា។
ឯកសាសំខាន់ៗដែលត្រូវអនុវត្តន៍នេះរួមមាន៖
ទី១៖ សេចក្តីថ្លែងការណ៍នយោបាយ ដែលបញ្ជាក់ពីគោលបំណង និងការប្តេជ្ញាចិត្តខ្ពស់របស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់ការផលិត និងការប្រើប្រាស់ ការដឹកជញ្ជូន និងការកម្ទេចចោលនូវគ្រាប់មីនដែលមាននៅក្នុងពិភពលោក។ សេចក្តីថ្លែងការណ៍នេះ ជាសារដាស់ស្មារតីដល់ពិភពលោករួបរួមគ្នាទប់ស្កាត់ការប្រើប្រាស់សំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសរួបរួមគ្នា ដើម្បីផ្តល់នូវការជួយគាំទ្រដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទី២៖ ផែនការសកម្មភាពសម្រាប់៥ឆ្នាំទៅមុខទៀត ដែលជាឯកសាស្នូល ជាត្រីវិស័យ ជាផែនទី ជាសកម្មភាព ជាយុទ្ធសាស្ត្ររបស់អនុសញ្ញាអូតាវ៉ា ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលនៅសៀមរាប។ ផែនការសកម្មភាពត្រូវបានពង្រាងរួចហើយ ដែលមានសកម្មភាពរហូតដល់ទៅ៤៨។
ក្រៅពីនេះកិច្ចប្រជុំក៏នឹងជជែកពិភាក្សាលើការងារយេនឌ័រ ការងារពិការភាព ការងារបរិស្ថាន និងការងារបម្រែបម្រួលអាកាសធាតុផងដែរ។
កម្ពុជា គឺជាប្រទេសមួយដែលបានរងទុក្ខវេទនា និងខ្លោចផ្សាបំផុត ដោយសារភ្លើងសង្គ្រាម។ ភ្លើងសង្គ្រាមបានបន្សល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពាសពេញផ្ទៃដី។ បើទោះបីសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក៏គ្រាប់មីន និងគ្រាប់បន្សល់ពីសម័យសង្គ្រាមផ្សេងទៀត នៅតែបន្តយាយីអាយុជីវិតប្រជាពលរដ្ឋខ្មែរ និងបង្កើតភាពសោកសង្រេងជារឿយ។
ដើម្បីបញ្ចប់ភាពសោកសៅរបស់ពលរដ្ឋខ្មែរពីសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការបោសសំអាតមីន និងគ្រាប់សល់ពីសម័យសង្គ្រាម។
រយៈពេល៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ផ្ទៃដីប្រមាណ ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាពសម្រាប់ប្រជាជនប្រមាណ ៩លាននាក់ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣,០២៨,៦៥៩គ្រាប់។
ចាប់តាំងពីឆ្នាំ១៩៧៩ ប្រជាជនចំនួន ៦៥,០០៤នាក់ បានរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន ១៩,៨១៨នាក់។ ជាមួយគ្នានឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំនួនជនរងគ្រោះប្រចាំឆ្នាំបានថយចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ ជាឆ្នាំដែលមានចំនួនជងរងគ្រោះច្រើនបំផុត មកនៅ ៤៤នាក់ ក្នុងឆ្នាំ២០២១។
គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,០០១គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧០៣គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ១,២៩៨គីឡូម៉ែត្រក្រឡា រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមផងដែរ។ ទោះបីយ៉ាងណាម មកដល់ពេលនេះ មានខេត្តចំនួន១៥ហើយ ត្រូវបានប្រកាសជាខេត្តអស់មីន។ ដោយឡែកខេត្តជាប់ព្រំដែន ជាខេត្តនៅសល់មីនច្រើន ដែលត្រូវប្រឹងប្រែងបោសសំអាតបន្ត។
ប្រតិបត្តិការបោសសំអាតមីនរយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជា បានចំណាយថវិការង្វង់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៥ខាងមុខនេះ អាជ្ញាធរមីន គ្រោងស្នើថវិការាជរដ្ឋាភិបាលប្រមាណ ៥លានដុល្លារ ដើម្បីបោសសំអាតមីនបន្ត ៕

អត្ថបទដែលជាប់ទាក់ទង