ពត៌មានបន្ថែម! តុលាការសំរេចចោទប្រកាន់ ប្តីចំនួន៣បទល្មើស នឹងប្រពន្ឋចំនួន៤បទល្មើស ករណីពេទ្យចាក់ថ្នាំស្ត្រីម្នាក់បណ្តាលអោយស្លា.ប់រួចយកស.ពទៅប្លុងចោល
ខេត្តតាកែវ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនបណ្តោះអាសន្នគ្រូពេទ្យ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធនឹងករណីចាក់ថ្នាំខុសបណ្តាលឲ្យស្លាប់អ្នកជំងឺ ហើយយកសពទៅប្លុងចោល ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរបានចោទប្រកាន់ជនត្រូវចោទជាប្រពន្ធចំនួន៤បទល្មើស ឯជនត្រូវចោទជាប្តីចំនួន៣បទល្មើស ។
ជនត្រូវចោទជាប្រពន្ធឈ្មោះ ស៊ុន ម៉ារីណាជាគ្រូពេទ្យ បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ពី ៖
-បទ«មនុស្សឃាតដោយចេតនា» តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ ។ -បទ«ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល» តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។-បទ«លាក់បំបាំងសាកសព» តាមមាត្រា៥៣១ នៃក្រមព្រហ្មទណ្ឌ ។
-បទ«ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកជនត្រូវចោទជាប្តីឈ្មោះ ហៀង សុងហាក់ ជាគ្រូពេទ្យ ត្រូវចោទប្រកាន់ពី ៖-បទ«ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល» តាមមាត្រា២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។
-បទ«សមគំនិតក្នុងអំពើលាក់បំបាំងសាកសព» និង-បទ«សមគំនិតក្នុងអំពើទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ» តាមមាត្រា២៩ មាត្រា២៣១ និងមាត្រា២១១ នៃក្រមព្រហ្មណ្ឌ ។
សូមរំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ត្រីម្នាក់ឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ បានស្លាប់ បន្ទាប់ពីទទួលការព្យាបាលនៅគ្លីនិករបស់ជនត្រូវចោទខាងលើឈ្មោះ«សុងហាក់ម៉ារីណា» ដែលមានទីតាំងនៅភូមិបឹងពញាគុកឃុំត្រពាំងក្រសាំង ស្រុកបាទី ។
សពជនរងគ្រោះ និងក្មេងស្រីម្នាក់អាយុ៣ឆ្នាំ់ដែលទៅគ្លីនិកនោះជាមួយជនរងគ្រោះ ត្រូវបានជនត្រូវចោទដឹកយកទៅប្លុងចោល នៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី និងត្រូវបានពលរដ្ឋប្រទះឃើញនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្រោយពីកើតមានហេតុការណ៍នេះ រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ បានទៅស្រាវជ្រាវដល់គ្លីនិកជនត្រូវចោទ និងរកឃើញថា ទីតាំងផ្តល់សេវាសុខាភិបាលនោះ មិនមានច្បាប់អនុញ្ញាតឡើយ ។ ចំពោះការរកឃើញថាគ្មានច្បាប់នេះ ធ្វើឲ្យមន្ទីរជំនាញមួយនេះ ទទួលរងការរិះគន់មិនសំចៃមាត់ពីទុកឱ្យការបើកមន្ទីរពហុព្យាបាលដ៏ធំមួយ បែរជាគ្មានច្បាប់ទៅវិញ ៕