បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាឱកាសនេះ។ លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។ លោកអនុប្រធានក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។ លោកអនុប្រធានបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយអវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ និងរីកចម្រើនឡើយ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

អត្ថបទដែលជាប់ទាក់ទង