មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចក្រុមការងារមន្ត្រីបច្ចេកទេសក្រសួង មានការចូលរួមពីក្រសួងបរិស្ថាន អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) អង្គការយូណេស្កូ (UNESCO) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចនាពេលនេះក្នុងគោលបំណងស្វែងយល់ពីបញ្ហា ការគ្រប់គ្រងទឹកក្រោមដី និងការប្រើប្រាស់ប្រភពទឹកក្រោមដីរបស់ប្រទេសកម្ពុជាប្រកបដោយចីរភាព ខណៈទឹកក្រោមដីត្រូវបានប្រើប្រាស់លើសកម្រិត ដោយសារការកើនឡើងនៃតម្រូវការធនធានទឹកពីសំណាក់ប្រជាពលរដ្ឋដែលកាន់តែកើនឡើង និងការអភិវឌ្ឍនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និង ការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ទឹកក្រោមដីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបម្រើឱ្យវិស័យកសិកម្មសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដំណាំ និងស្រូវនៅរដូវប្រាំង និងចុងរដូវវស្សា ផ្តល់ជាប្រភពទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកក្រោមដី គឺជាធនធានមួយដែលសំខាន់នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ហើយក្រសួងធនធានទឹក និងឧតុនិយមបាននឹងកំពុងបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ត្រួតពិនិត្យតាមដាន សិក្សាស្រាវជ្រាវ និងរៀបចំផែនការការប្រើប្រាស់ប្រភពទឹកក្រោមដីប្រកបដោយចីរភាពនាពេលអនាគត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ និងក្រុមការងារមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបន្តការគ្រប់គ្រង ត្រួតពិនិត្យតាមដានទឹកក្រោមដី សិក្សាស្រាវជ្រាវ និងរៀបចំផែនការប្រើប្រាស់ធនធានទឹកក្រោមដីឱ្យបានច្បាស់លាស់ ដើម្បីបម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលដំណាំនិងស្រូវនារដូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕