ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។
តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា ៕