នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក James Cowan នាយកប្រតិបត្តិនៃអង្គការ Halo Trust ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់អង្គការ Halo Trust ក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ហើយបានចាត់ទុកអង្គការ Halo Trust គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តទៀតថា ដោយសារស្ថានភាពសកម្មភាពមីននៅកម្ពុជា មានភាពស្មុគស្មាញ និងនៅបន្តរងផលប៉ះពាល់នៅតាមសហគមន៍ កម្ពុជា បានសម្រេចធ្វើការផ្លាស់ប្តូរនូវគោលដៅរបស់ខ្លួនពីកម្ពុជាគ្មានមីនឆ្នាំ២០២៥ ទៅជា កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោក James Cowan នាយកប្រតិបត្តិនៃអង្គការ Halo Trust បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលធំៗ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់អង្គការ Halo Trust សម្រាប់កិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោក James Cowan បានសម្តែងនូវការគាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឹកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង