បុរសទុរគតម្នាក់ ប្រពន្ធរត់ចោល កូនត្រូវរថយន្តបុកស្លា//ប់ហើយរត់គេច ដង្ហោយរកយុត្តិធម៌
ខេត្តក្រចេះ៖ បុរសទុរគតមានជីវភាពក្រីក្រលំបាកម្នាក់ ត្រូវភរិយារត់ចោលព្រោះមិនអាចផ្តល់សុភមង្គលដល់រូបនាង ដោយត្រូវរស់យ៉ាងកម្សត់ជាមួយកូនស្រី។ ជាអកុសល កាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២៤ កូនស្រីកំព្រាម្តាយត្រូវរថយន្តមួយគ្រឿងម៉ាកលិចស៊ីសបុកស្លាប់ និងរត់គេចខ្លួនបានដោយសុវត្ថិភាព…។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នំា២០២៤នេះ លោក អ៊ិន អង្គារិទ្ធ ហៅកម្សត់ ឪពុកក្មេងស្រីរងគ្រោះ បានថ្លែងប្រាប់ថា លោកជាបុរសពោះម៉ាយកូនពីរ ស្រីមួយប្រុសមួយ ខណៈភរិយាចុះចោលលោកនិងកូនអស់រយៈពេលជាង២ឆ្នាំមកហើយ។ លោករស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ក្នុងរោងគោក្រោយផ្ទះរបស់អ្នកភូមិមួយគ្រួសារដែលគេអាណិតឱ្យស្នាក់នៅបណ្ដោះអាសន្នស្ថិតនៅភូមិដីដុះក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដោយប្រកបរបរដើរស៊ីឈ្នួលជួលព័ទ្ធគេចិញ្ចឹមកូនៗដែលកំពុងស្ថិតក្នុងវ័យសិក្សា។ បុរសកម្សត់ ពោលទាំងតំណក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ថា លោកតស៊ូលំបាកមិនខ្លាចនឿយហត់ឡើយ ដើម្បីរកប្រាក់ឱ្យកូនបានសិក្សារៀនសូត្រ មានចំណេះដឹងទៅថ្ងៃមុខមិនលំបាកដូចលោកជាឪពុក ប្រើកម្លាំងដើម្បីយកមកដោះស្រាយជីវភាពដ៏លំបាកដូចពេលបច្ចុប្បន្ន។
លោក អ៊ិន អង្គារិទ្ធ ឱ្យដឹងបន្តថា ក្ដីសង្ឃឹមរបស់លោករលាយដូចអំបិលត្រូវទឹក ដ្បិតកូនស្រីបណ្តូលចិត្តត្រូវរថយន្តមួយគ្រឿងម៉ាកលិចស៊ីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ២AJ៧៥៥៨ បើកបរដោយបុរសម្នាក់ឈ្មោះ ឃួន ប៉ាន់ ខណៈកូនស្រីរបស់លោកកំពុងដើរតាមចិញ្ចើមផ្លូវជាតិ ក៏ត្រូវរថយន្តខាងលើបុកទាំងកម្រោលបណ្តាលឱ្យនាងខ្ទាតប៉ើងទៅលើរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯម្ចាស់រថយន្តបានព្យាយាមបើករត់គេចខ្លួនមកដល់សព្វថ្ងៃនេះ និងហាក់ដូចជាគ្មានចំណាត់ការពីមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ។ លោកកម្សត់បញ្ជាក់ថា ក្រោយទៅដាក់ពាក្យបណ្តឹង នៅកន្លែងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកប្រសព្វ អាជ្ញាធរប្រាប់ថា នឹងស្វែងរកចាប់ជនល្មើស តែមកដល់ពលនេះ គ្មានពន្លឺយុត្តិធម៌អ្វីបន្តិចឡើយ។
ប្រជាពលរដ្ឋរស់នៅក្បែរខាងបុរសទុរគត បានឱ្យដឹងថា គ្រួសារបុរសពោះម៉ាយនេះពិតជាកម្សត់ដូចឈ្មោះប្រាកដមែន ព្រោះសូម្បីតែលុយធ្វើបុណ្យសពឱ្យកូនស្រីរងគ្រោះក៏រូបគេមិនមានលទ្ធភាពធ្វើឱ្យដែរ តែដោយសារមានការអាណិតអាសូរពីអ្នកភូមិផងរបងជាមួយ បាននាំគ្នារៃអង្គាសប្រាក់បានមួយចំនួន ក៏ធ្វើបុណ្យបង្គ្របកិច្ចពិធីឱ្យក្មេងស្រីរងគ្រោះនោះទៅ។ ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋ ពួកលោកទាំងអស់គ្នា សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច, តុលាការខេត្ត មេត្តាជួយរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះនេះផង ដើម្បីឱ្យឪពុកក្មេងស្រីទទួលបានប្រាក់សំណងយកមកធ្វើបុណ្យបញ្ជូនកុសលឱ្យកូនស្រីបានទៅកាន់សុគតិភព ៕
ទោះយ៉ាងណា លោក តុលា រដ្ឋធានី ស្នងការង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា ចំពោះករណីខាងលើនេះ លោកបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តក្រចេះហើយ ដើម្បីស្នើសុំដីការស្វែងរកចាប់ម្ចាស់រថយន្តយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់..៕