Lewandowski រកបានគ្រាប់ទី១០០ នៅ UCL ពេល Barcelona បំបាក់ Brest ៣-០
(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Robert Lewandowski បានបញ្ចប់ទីគ្រាប់ទី១០០ ក្នុងព្រឹត្តិការណ៍អឺរ៉ុប UEFA Champions League នៅពេលរួមចំណែកជួយក្រុម FC Barcelona យកឈ្នះ Brest របស់បារាំង ៣ទល់នឹង០ នាយប់មិញនេះ។
ក្នុងប្រកួត ៩០នាទីពេញនៅកីឡដ្ឋាន Estadi Olimpic Lluis Campanys ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៤៦,៣១៧នាក់ផងនោះ ប្រធានក្រុមជម្រើសជាតិប៉ូឡូញខាងលើនេះ រកបាន ២គ្រាប់ម្នាក់ឯង ពោលគឺគ្រាប់បើកឆាកនៅនាទីទី១០ ដោយបាល់ ១១ម៉ែត្រ និងនាទី៩០+២ កើនបាន ៧គ្រាប់ច្រើនជាងគេបណ្តោះអាសន្ននៅ UCL រដូវកាលនេះ។
នេះមានន័យថា តារាជើងស៊ុតវ័យ ៣៦ឆ្នាំ Lewandowski ដែលបានផ្លាស់ចេញពី Bayern Munich មកចូលរួមជាមួយ Barcelona កាលខែកក្កដា ឆ្នាំ២០២២ បានក្លាយជាកីឡាករទី៣ លើផែនដីនេះដែលរកបានចាប់ពី ១០០គ្រាប់ឡើងនៅ UCL តាមពីក្រោយ Cristiano Ronaldo រកបាន ១៤១គ្រាប់ និង Lionel Messi រកបាន ១២៩គ្រាប់។
តាមរយៈ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានធ្វើឱ្យអ្នកមានបុណ្យ FC Barcelon រំកិលទៅលេខ២ ក្នុងតារាងជាបណ្តោះអាសន្ន ក្រោយឈ្នះ ៤លើក និងចាញ់ ១លើក គ្រាដែលគូប្រជែង Brest ធ្លាក់ទៅលេខ៨ ក្នុងចំណោម ៣៦ក្រុម ជើងទី១៕