បងថ្លៃប្អូនថ្លៃ ៣នាក់ជួបជុំគ្នាផឹកស្រា..ស ហើយក៏និយាយគ្នាពីរឿងកេរមរតក ដែលឪពុកម្តាយចែកឲ្យ ខណៈបុរសម្នាក់ជាបង មិនទទួលបានកេរមរតកនឹងគេ ក៏ផ្ទុះកំហឹ..ងប៉ងដុតផ្ទះចោល ត្រូវបានសមត្ថកិច្ចក្របួច
ខេត្តមណ្ឌលគិរី ៖ កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមក មានករណីបងថ្លៃប្អូនថ្លៃ ៣នាក់ជួបជុំគ្នាផឹកស្រា.សហើយក៏និយាយគ្នាពីរឿងកេរមរតកដែលឪពុកម្តាយចែកឲ្យ ខណៈបុរសម្នាក់ជាបងមិនទទួលបានកេរមរតកនឹងគេនោះក៏ផ្ទុះកំហឹងប៉ងដុតផ្ទះចោល តែត្រូវបានសមត្ថកិច្ចក្របួច ។
ជនសង្ស័យប៉ងដុតផ្ទះឈ្មោះ ពៅ សំអាត ភេទប្រុស អាយុ៤៦ឆ្នាំ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន រស់នៅភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមានកាំបិតចុងស្រួច១ កាំបិតបុ័ងតោ ១ កាំបិតផ្គាក់១ សម្ភារៈជក់គ្រឿងញៀន និងដែកកេះ២ ។
នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ពៅ សំអាត ជាមួយប្អូនបង្កើតម្នាក់ឈ្មោះ ពៅ ចក់ និងប្អូនថ្លៃម្នាក់ឈ្មោះ វ័ន្ត បាននាំគ្នាទិញផឹកស្រា.សផឹកអស់ចំនួន៤លីត្រ ស្រវឹងដាបរៀងខ្លួន ។ ក្នុងពេលផឹកស្រាស្រវឹងរអិលមាត់នោះជនឈ្មោះ ពៅ សំអាត ចេះតែជជីកសួរបងនិងប្អូនថ្លៃរឿងកេរមរតក ដីធ្លី និងផ្ទះសម្បែងដែលឪពុកម្ដាយបានបន្សល់ទុកឱ្យ ដែលសព្វថ្ងៃឈ្មោះ វ៉ាន ស្រីពិច និងឈ្មោះ វ័ន្ដ ជាអ្នករស់នៅលើផ្ទះនេះ ។ ពេលនោះឈ្មោះ វ័ន្ដ ជាប្អូនថ្លៃក៏បានឆ្លើយថា ឪពុកម្តាយមិនចែកកេរឲ្យបង (ពៅ សំអាត) ឯងទេ ឮដូច្នោះឈ្មោះ ពៅ សំអាត ដែលជាបងប្រុសក៏បាននិយាយឡើងខ្លាំងៗថា បើចែកគ្នាមិនដាច់ទេមានតែដុតផ្ទះហ្នឹងចោលទៅ ។
ភ្លាមនោះឈ្មោះ ពៅ សំអាត ក៏បានដេញឲ្យឈ្មោះ វ័ន្ដ និងប្រពន្ធ ព្រមទាំងកូនចៅឲ្យឡើងទៅដេកលើផ្ទះបាត់ទៅ ។ រហូតដល់ម៉ោងប្រមាណ១០កន្លះយប់ឈ្មោះ ពៅ សំអាត (ជនសង្ស័យ)បានយកកម្ទេចឈើ និងខោអាវចាស់ៗទៅដាក់គរនៅមុខកាំជណ្ដើរផ្ទះរបស់ប្អូននិងប្អូនថ្លៃ រួចយកសាំងទៅចាក់ដុតបណ្ដាលឲ្យឆេះរោលបង្កាន់ដៃក្បាលកាំជណ្ដើរនិងទ្វារផ្ទះ តែមិនឆេះខ្លាំងទេ រួចក៏រលត់ទៅវិញ ហើយថែមទាំងបានកាន់កាំបិតគំរាមម្ចាស់ផ្ទះ(ប្អូន ប្អូនថ្លៃ) មិនឲ្យចុះដី បើហ៊ានចុះរូបគេនឹងកាប់ឲ្យស្លាប់ទាំងអស់ ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់ផ្ទះដែលជាប្អូនស្រី បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ដើម្បីឲ្យសមត្ថកិច្ចចាត់ការលើបងប្រុសនោះទៅតាមផ្លូវច្បាប់ ។
ក្រោយពីទទួលបណ្ដឹងពីប្អូនស្រី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាដល់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឲ្យសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចុងផ្លាស់ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ពៅ សំអាត យកទៅសាកសួរ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតកាំជណ្ដើរ និងគំរាមកាប់សម្លាប់ប្អូន ប្អូនថ្លៃប្រាកដមែន ដែលសកម្មភាពនោះដោយសារខ្លួនស្រវឹងស្រា ។ ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ សមត្ថកិច្ចបាននិងកំពុងបន្តនីតិវិធី ៕