ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាផ្លូវខ្សែបន្ទាត់ព្រំដែន នៅភូមិសាស្រ្ដខេត្តមណ្ឌលគិរី
នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរ នៅតែបន្តទៅទស្សនាកម្សាន្តនៅតាមផ្លូវខ្សែបន្ទាត់ព្រំដែន ដែលកំពុងសាងសង់ ដូចជានៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាដើម។
អ្នកទេសចរមួយរូប ដែលមកពីរាជធានីភ្នំពេញ បានប្រាប់ថា លោកមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលបានមកទស្សនាខេត្តមណ្ឌលគីរី ដែលកន្លងមក លោកមិនធ្លាប់មកដល់ខេត្តភាគឦសានមួយនេះទេ។
លោកថា ក្រៅពីមានទេសភាពស្អាត សម្បូរទៅដោយព្រៃភ្នំ ទឹកជ្រោះ ជ្រលងដងអូរ លោកក៏បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍ និងការកសាងផ្លូវនៅតាមបន្ទាត់ព្រំដែនផងដែរ គឺនៅច្រកអន្តរជាតិ ទ្វេភាគីដាក់ដាំនេះផ្ទាល់តែម្ដង។ អ្វីដែលលោកកត់សម្គាល់នោះ គឺកងកម្លាំងនៅខេត្តមណ្ឌលគិរី បានរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលអាចឲ្យភ្ញៀវទេសចរអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៅដាក់ដាំ ដោយមិនបានព្រួយបារម្ភពីបញ្ហាសុខសុវត្ថិភាព៕