ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ភាគីចិន, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។
ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោល បំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ៕