ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសសម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា
នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងទទួលហិរញ្ញប្បទានពីធានាគារពិភពលោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាតម្រង់ទិសសម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅសណ្ឋាគារអង្គរមិរិខល ខេត្តសៀមរាប ក្រោមការគាំទ្រ និងសម្របសម្រួលពីធនាគារពិភពលោក។
សូមជម្រាបថា សិក្ខាសាលាតម្រង់ទិសនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅ ដែលរួមមានខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តមណ្ឌលគិរី សរុបប្រមាណ ១២០នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានាពេលនេះគឺដើម្បីតម្រង់ទិសនិងផ្តល់ចំណេះដឹងដល់ក្រុមការងារអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីគោលបំណង ពិតប្រាកដរបស់គម្រោង ហើយឈានទៅអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការកំណត់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា គឺជាគម្រោងថ្មីមួយស្របតាមចក្ខុវិស័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់ចេញសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ទោះបីជាគម្រោងនេះបានបញ្ចប់ មិនមានន័យថា ប្រទេសកម្ពុជា មានសន្តិសុខទឹកនោះទេ ប៉ុន្តែគឺជាគម្រោងគំរូមួយ និងទាមទារឱ្យដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារពិភពលោកចូលរួមលើការអភិវឌ្ឍវិស័យធនធានទឹកបន្ថែមទៀត ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសន្តិសុខទឹកនាពេលអនាគត។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តដល់ក្រុមការងារអនុវត្តគម្រោងទាំងអស់ បន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យគម្រោងអនុវត្តទៅតាមផែនការដែលបានកំណត់ និងទទួលបានជោគជ័យ៕