គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តធុនធំមានផ្ទុកស្រូវ ក្រឡាប់ផ្ងារជើងទ្រមេឃ
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មានមនុស្សច្រើននាក់ព្រលឹងចុងសក់(ពកក្បាលបន្តិចបន្ទួចគ្រប់ៗគ្នា) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងដោយរថយន្តធុនធំមានផ្ទុកស្រូវ ក្រឡាប់ផ្ងារជើងទ្រមេឃចូលស្នាមភ្លោះ ក្បែរផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បានកើតឡើងនាពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចលូកាត់ថ្នល់ខាងត្បូងអូរជ័រចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា រថយន្តធុនធំមានផ្ទុកស្រូវពេញក្រឡាប់ផ្ងារជើងនេះ ម៉ាក ហ៊្វុយហ្សូ ក្បាលពណ៍ស ទ្រុងពណ៍ស លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 2158 យីឌុប(ភ្លៅ៤)។ មុនកើតហេតុគេឃើញរថយន្តធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង។ លុះមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងប្រាវ និងឮមាត់មនុស្ស ពេលអ្នកភូមិនៅក្បែរកន្លែងកើតហេតុដើទៅមើលឃើញតៃកុងនិងអ្នករួមដំណើរ(ថៅកែ និងកម្មករលើកស្រូវ)វារចេញពីកាប៊ីន និងទ្រុងខាងក្រោយ រងរបួសបន្តិចបន្តួច កក្តតាសំខាន់មានភាពភ័យស្លន់ស្លោព្រោះអាចដេកលក់ទាំងគ្នា រួមទាំងតៃកុង ។
ប្រភពបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក្ដីករណីនេះមិនបង្ករបួសស្នាមដល់មនុស្សធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតរថយន្ត និងស្រូវកំពប់ចូលទឹកមុខលូ និងបែករបាំងលូបន្តិចបន្ទួចប៉ុណ្ណោះ។ ករណីនេះគេបញ្ជាក់យ៉ាងច្បាស់ថា មកពីតៃកុងដេកលក់ ខណៈកំពុងសាងស្រូវលើកដាក់រថយន្តផ្សេង ៕