Trump ទម្លាក់អតីតជើងឯក ៣សម័យ Higgins ចេញពី UK Championship ដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយ
(ឡុងដ៍)៖ ជើងខ្លាំងស្នូកឃើឈរនៅលំដាប់លេខ១ ពិភពលោក Judd Trump បានបន្តឆ្លងចូលវគ្គ ៨នាក់ចុងក្រោយបន្ទាំប់ពីទម្លាក់គូប្រជែង John Higgins អតីតជើងឯកពាន UK Championship ៣សម័យកាលផងនោះរួចមកនាយប់មិញនេះ ក្នុងលទ្ធផល ៦-៥។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣៥ឆ្នាំរូបនេះ បានកំពុងស្វែងរកជ័យជម្នះ UK ជាលើកទី២ ទៀតគិតចាប់តាំងពីឈ្នះបានតែម្តងគត់កាលឆ្នាំ២០១១។
ក្នុងប្រកួតវគ្គ ១៦នាក់ចុងក្រោយដែលត្រូវបានធ្វើឡើងនៅទីលាន York Barbican ប្រទេសអង់គ្លេសនោះដែរ កីឡាករទាំងពីរនាក់នេះមានភាពស្វិតស្វាញជាខ្លាំង ជាមួយនឹងការទទួលបានជ័យជម្នះទៅវិញទៅមក ដ្បិត Trump បានបើកការនាំមុខ ៥-៤ ជាមួយនឹងពិន្ទុជ័យជម្នះ ១១១ពិន្ទុទៀតផង មុនពេលលេងសិតទី១១ ចុងក្រោយ មានពិន្ទុឈ្នះត្រឹមតែ ៦៦ពិន្ទុប៉ុណ្ណោះ។
សម្រាប់ការលេងវគ្គ ៨នាក់ចុងក្រោយ Judd Trump នឹងពើបប្រទះ Zhang Anda របស់ចិននាល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកានេះ បន្ទាប់ពីគូប្រជែង វ័យ ៣២ឆ្នាំ ក៏បានវាយបកទម្លាក់ Stuart Bingham ៦-៥ តាំងពីត្រូវបានគេនាំមុខ ៥-១ រួចមកនៅរាត្រីថ្ងៃព្រហស្បតិ៍ដែរ៕