ក្រសួងមុខងារសាធារណៈ បង្ហាញលទ្ធផលបេក្ខជនជ័យលាភីប្រឡងជាប់វិញ្ញសាលើកទី១សម្រាប់ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបង្ហាញលទ្ធផលប្រឡងជាប់ជាស្ថាពរ (វិញ្ញាសាសរសេរលើកទី១) របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឲ្យរៀននៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងវិញ្ញាសាសរសេរលើកទី១ មានបេក្ខជនសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ១៥៤នាក់ និងបេក្ខជនសិស្សមន្ត្រីក្រមការចំនួន ៥៨៣នាក់ បន្ទាប់ពីប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ត្រូវត្រៀមខ្លួនក្នុងការប្រឡងលើវិញ្ញាសាសរសេរលើកទី២ ក្រសួងមុខងារសាធារណៈ នឹងជម្រាបជូនដំណឹងពីកាលបរិច្ឆេទ។
បន្ថែមពីនេះ ក្រោយប្រឡងជាប់លើវិញ្ញាសាសរសេរទាំងពីរដំណាក់កាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ គឺត្រូវឆ្លងកាត់ការសម្ភាសន៍បន្ថែម ដោយឡែកសិស្សមន្ត្រីក្រមការ មិនមានឆ្លងកាត់ការសម្ភាសន៍នោះទេ។
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ២៧៧៥នាក់ និងសិស្សមន្ត្រីក្រមការចំនួន ១៨០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ៨១៧៣នាក់ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន ២៤១រូប សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ២០នាក់ តំណាងសាកលវិទ្យាល័យចំនួន ១០ស្ថាប័ន តំណាងមហាជនចំនួន ១០នាក់ក្នុងមួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕