រដ្ឋមន្ត្រី ហួត ហាក់ ស្នើភាគីចិនតំបន់ស្វយ័តក្វាងស៊ីជួយផ្សព្វផ្សាយទេសចរណ៍ និងជំរុញកៀរគរទេសចរចិន មកទស្សនាកម្ពុជាឱ្យបានកើនឡើង

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ី បានឯកភាពផ្ដល់កិច្ចសហប្រតិបត្តិការជាដៃគូជាមួយគ្នា ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ខណៈភាគីកម្ពុជាក៏បានស្នើភាគីចិននៅតំបន់ស្វយ័តក្វាងស៊ីជួយផ្សព្វផ្សាយទេសចរណ៍ និងជំរុញកៀរគរទេសចរចិនមកទស្សនាកម្ពុជាឱ្យបានកើនឡើង។
ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី ចិន អ៉ីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្រ្តីឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភាគីទាំង២បានពិភាក្សាពីកិច្ចសហប្រតិបត្តិការជាដៃគូរវាងក្រសួងទេសចរណ៍ និងតំបន់ស្វយ័តក្វាងស៊ី ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ព្រមទាំងជំរុញទេសចរណ៍បន្ថែមទៀតពីក្វាងស៊ីមកកាន់កម្ពុជា។
ក៏មានដែរនូវការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅកៀរគរទេសចរចិនមកទស្សនាកម្ពុជាឱ្យបានកើនជាលំដាប់៕

អត្ថបទដែលជាប់ទាក់ទង