ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសរសេរលេីបណ្តាញសង្គមថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៦ឆ្នាំមុន) គឺជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោមការអំពាវនាវរបស់សម្តេចទាំងបី ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ៧ មករា ៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញនូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនផងដែរ។
ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” និងប្តេជ្ញាចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃរបស់សម្តេចទាំងបី និងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃនេះ៕