កិច្ចសម្ភាសន៍ជាន់ខ្ពស់»កិច្ចសម្ភាសន៍ជាន់ខ្ពស់ជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ
កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះបាននាំមកជូនលោកអ្នកអំពីកិច្ចសម្ភាសន៍ជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC លោកស្រី Boluarteបានជួបជាមួយលោក Xi Jinping ប្រធានរដ្ឋចិនបីដងក្នុងរយៈពេល១ឆ្នាំនេះ។ នៅពេលផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីបានថ្លែងថា នៅឆ្នាំ២០២៤ ប្រទេសប៉េរូ មានកិត្តិយសណាស់ក្នុងការធ្វើជាម្ចាស់ផ្ទះលើកទីបីនៃកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃ APEC ។ នេះមានន័យថា អង្គភាពសេដ្ឋកិច្ចទាំង ២១ នៃ APEC មានទំនុកចិត្តពេញលេញចំពោះប្រទេសប៉េរូ។
លោកស្រី Boluarteបានបន្តថា ខ្ញុំជឿថា ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងចំណោមប្រទេសទាំង ២១ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនបានបង្រៀនយើងពីរបៀបធ្វើយ៉ាងដូចម្តេចដើម្បីចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងរបៀបកសាងប្រទេសឱ្យក្លាយទៅជាប្រទេសខ្លាំងក្លា។ ទំនាក់ទំនងរវាងប្រទេសប៉េរូជាមួយប្រទេសចិនអស់រយៈពេលជាង ៥០ ឆ្នាំហើយ។ កាលពី៥០ឆ្នាំមុន ទីក្រុង Shenzhen ធ្លាប់ជាឃុំតូចមួយ ប៉ុន្តែឥឡូវនេះបានអភិវឌ្ឍទៅជាទីក្រុងអន្តរជាតិប្រកបដោយបច្ចេកវិទ្យាជឿនលឿនដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនិងកោតសរសើរខ្លាំង។
លោកស្រី Boluarte បានបញ្ជាក់ថា កំពង់ផែ Chancay ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយសហគ្រាសចិន វាគឺជាគម្រោងសហប្រតិបត្តិការរបស់ប្រទេសចិន និងប្រទេសប៉េរូ ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ប្រធានរដ្ឋចិនXi Jinping នៅប្រទេសប៉េរូ លោក និងខ្ញុំបានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែ តាមរយៈប្រព័ន្ធវីដេអូ។ កំពង់ផែ Chancay មិនមែនជាកំពង់ផែធម្មតាទេ ប៉ុន្តែជាកំពង់ផែដែលប្រើបច្ចេកវិទ្យាខ្ពស់ថ្មី ស្ទើរតែប្រើប្រព័ន្ធឌីជីថលទាំងអស់ ហើយប្រទេសនៅទ្វីបអាមេរិកទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីកំពង់ផែ Chancayនេះ៕