អភិបាលរងខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី

ភ្នំពេញ៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី ចំនួន ៣៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃអង្គភាពជា ព្រមទាំងអាណាព្យាបាល យោធិន កងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានថ្លែងថា លោកបានទទួលគោលការណ៍ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានវត្តមានចូលរួមពីប្រតិភូអមដំណើរ ព្រមទាំងក្រុមគ្រួសារ អាណាព្យាបាល របស់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ចំនួន ៣៨នាក់ (ជាប់ជាស្ថាពរ) ដែលត្រូវបានក្រសួងការពារជាតិចេញប្រកាស បញ្ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ។
ស្ថិតក្នុងឱកាសនោះដែរ អភិបាលរងខេត្តកំពង់ចាម លោក ខ្លូត ចិន្តា បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងយោធិន នៃកងរាជអាវុធហត្ថទាំង ៣៨នាក់ ដែលត្រូវទៅហ្វឹកហ្វឺន សូមឱ្យកម្លាំងទាំងអស់ធ្វើការហ្វឹកហាត់ សិក្សារៀនសូត្រ ដោយយកចិត្តទុកដាក់ឲ្យបានចប់ ទៅតាមកម្មវិធីសិក្សា ដើម្បីយកចំណេះជំនាញទាំងនោះ មកបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលមួយឆ្នាំ កងកម្លាំងទាំង ៣៨នាក់ នេះ និងក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៌ ដោយសារការហ្វឹកហ្វឺននោះ រៀនទាំង យុទ្ធសាស្ត្រ, វិធីសាស្រ្ត , ការប្រើប្រាស់អាវុធយុទ្ធភណ្ឌ និងបន្តសិក្សាអំពីជំនាញច្បាប់ ផងដែរ ដើម្បីឲ្យមន្ត្រីយើង ចេះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង