ចិន កាត់ទោសលោក Li Tie អតីតគ្រូបង្វឹកជម្រើសជាតិជាប់គុក ២០ឆ្នាំ ពីបទស៊ីសំណូក
(ប៉េកាំង)៖ លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទសូកប៉ាន់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។
បុរសវ័យ ៤៧ឆ្នាំ សញ្ជាតិចិនដែលធ្លាប់លេងឱ្យក្លិបស្ករគ្រាប់ Everton ក្នុងលីគ Premier League របស់អង់គ្លេសផងនោះ ត្រូវបានរកឃើញទទួលសំណូកដែលពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកមុន បូករួមទាំងការសូកប៉ាន់ ដើម្បីទទួលបានតំណែងគ្រូបង្វឹកកំពូលនៅចិនថែមទៀតផងនាដើមឆ្នាំ២០២៤ នេះ។
ករណីនេះគឺបង្ហាញពីរបៀបដឹកនាំរបស់ប្រធានាធិបតីចិនបច្ចុប្បន្ន លោក Xi Jinping ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយក្នុងកីឡា ធនាគារ និងជួរកងទ័ពជាដើម។
តួយ៉ាងកាលពីដើមសប្តាហ៍នេះ ក៏មានការកាត់ទោសដាក់ពន្ធនាគារទៅលើអតីតមន្រ្តីកីឡាសហព័ន្ធបាល់ទាត់ចិន ៣រូបផងដែរ ស្របពេលគ្រូបង្វឹក និងកីឡាករជាច្រើន កំពុងស្ថិតក្រោមការស៊ើបអង្កេតទៀតដែរ។
លោក Li ដែលធ្លាប់កាន់តួនាទីគ្រូបង្វឹកបង្គោលជម្រើសជាតិចិនចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១ នោះ បានប្រព្រឹត្តអំពើពុករលួយនាអំឡុងខែមីនា ក្រោមទំហំទឹកប្រាក់ប្រមាណ ១៦លានដុល្លារ ដោយតុលាការប្រទេសចិនបានឱ្យដឹងថា រឿងនេះគឺបានកើតឡើងក្នុងឆ្នាំ២០១៥ ពេលលោកនៅជាជំនួយការគ្រូបង្វឹកនៃក្លិប Hebei China Furtune មកម្ល៉េះ៕