ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) បន្តចុះបេសកកម្មទៅកាន់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបេសកកម្មទៅកាន់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះបេសកកម្មនាពេលនេះគឺដើម្បីត្រួតពិនិត្យ និងអនុវត្តន៍លើសកម្មភាពការងារដោះស្រាយរៀបចំផែនការយុទ្ធសាស្រ្តកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងជាប្រចាំដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់បរិបូណ៍ តំបន់រលាប្អៀរ តំបន់ក្តុល តំបន់ទឹកផុស តំបន់លំហាច តំបន់បំណក់ និងក្រុងកំពង់ឆ្នាំង ដោយធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស្វកម្មក្នុងការរំដោះទឹក និងបង្វែរទឹកស្ទឹងលំហាច បំណក់ អាចាង និងបរិបូណ៍ ហើយនៅក្នុងរដូវប្រាំងប្រព័ន្ធខាងលើនេះនឹងបម្រើឱ្យការស្រោចស្រពផ្ទៃដីរាប់ម៉ឺនហិកតាបន្ថែមទៀតក្នុងខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្តែងតំបន់អមលាំង តំបន់ថ្ពង តំបន់គងពិសី តំបន់ស្ទឹងក្រាំងបាទ តំបន់ពញាឮ តំបន់ឱរ៉ាល់ខាងកើត តំបន់ក្រវាញខាងជើង តំបន់ស្ទឹងអន្លង់ជ្រៃ តំបន់ក្រពើទ្រោម តំបន់ប្រាំបីមុម តំបន់យុទ្ធសាស្រ្ត តំបន់វិហារហ្លួង តំបន់កំពង់ហ្លួង និងតំបន់កប់សេះ ស្ថិតក្នុងតំបន់ត្រីកោណនៃខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកមកពីបណ្តាតំបន់ខាងលើជាមុខសញ្ញាដ៏សំខាន់ធ្វើឱ្យមានជំនន់ជាប្រចាំលើផ្លូវជាតិលេខ៥ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ដែលកិច្ចការចាំបាច់នាពេលនេះ និងក្នុងរយៈពេលមធ្យម គឺត្រូវធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធគ្រប់គ្រងទឹកនិងពង្វាងទឹកស្ទឹងអន្លង់ជ្រៃ ដើម្បីបញ្ជា និងដោះស្រាយបញ្ហាទឹកដែលកើតមានឡើង ក្នុងបរិបទបម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅឡើងនៃភពផែនដី៕

អត្ថបទដែលជាប់ទាក់ទង