ដឹកថ្នាំញៀនតាំងពីស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ មកជាប់អន្ទាក់នគរបាល នៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ឯក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានដឹកនាំ និងបញ្ជាមន្រ្តីក្រោមឱវ៉ាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បង្រ្កាបមុខសញ្ញាប្រុសស្រីដឹកជញ្ជូនសាធាតុញៀនចំនួន០២នាក់ ដោយដកហូតវត្ថុតាង និងសម្ភារៈ ខណៈពួកគេព្យាយាមស្កាត់មកពីតាំងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ នេះបើតាមការបញ្ជាក់ពីលោក វរសេនីយ៍ទោ យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។
ករណីបង្រ្កាបមុខសញ្ញា និងដកហូតជាវត្ថុតាង និងសម្ភារៈខាងលើ ធ្វើឡើងនៅចំណុចផ្លូវបំបែក ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនសង្ស័យ ទី១. ឈ្មោះ ខុម ខុន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសសយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជនសង្ស័យ(ខុម ខុន)សមត្ថកិច្ចធ្វើតេស្តទឹកនោម វិជ្ជមាន(+)។ សមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់ ទូរស័ព្ទ០១គ្រឿង ម៉ូតូម៉ាក វ៉េវអាល់ហ្វា១គ្រឿង ។និងទី២. ឈ្មោះ ប៉ៃ ស្រីណែត ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។ ជនសង្ស័យ(ប៉ៃ ស្រីណែត)សមត្ថកិច្ចធ្វើតេស្តទឹកនោម វិជ្ជមាន(+)។ សមត្ថកិច្ចដកហូតសម្ភារៈ ទូរស័ព្ទ០១គ្រឿង ។
ជនសង្ស័យស្រីប្រុសទាំង២នាក់ រួមទាំងវត្ថុតាង និងសម្ភារៈ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាត់ការតាមនីតិវិធី៕