សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលជួបការលំបាក

(បន្ទាយមានជ័យ)ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ ចំនួន ៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ វង្ស ចាន់ណា មេបញ្ជាការ កងអនុសេនាធំទី៣ វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៣០សន្លឹក ចុះជួយរុះរើជួសជុលផ្ទះទំហំ ៥ម៉ែត្រx ៦ម៉ែត្រជូនប្រជាពលរដ្ឋដែលជួបការលំបាក ឈ្មោះលោកយាយ វិន ប្រឹម មានអាយុ ៦៨ឆ្នាំ ស្ថិតនៅភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា ៕

អត្ថបទដែលជាប់ទាក់ទង