ខេត្តស្ទឹងត្រែង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តស្ទឹងត្រែង ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%។
ឯកឧត្តម ឆាយ ឫទ្ធិសែន អភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មានរាជធានី-ខេត្ត ចំនួន១៤ហើយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕