អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង ណែនាំឱ្យប្រជាពលរដ្ឋចំណាកស្រុកដោយស្របច្បាប់ ជៀសវាងការប្រឈមផ្សេងៗ និងការជួញដូរមនុស្ស

បាត់ដំបង៖ មន្រ្តីជំនាញមន្ទីរកិច្ចការនារីនិងស្នងការខេត្តបានជម្រុញឱ្យប្រជាពលរដ្ឋធ្វើការចំណាកស្រុកដោយស្របច្បាប់ ដើម្បីជៀសវាងការជួញដូរ និងកេងប្រវញ្ច័ កម្លាំងពលកម្ម និងខាតបង់ថវិការជាដើម។
លោកស្រី វរៈសេនីយ៍ទោ តាន់សុខ រ័ត្ន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋធ្វើការសម្រេចចិត្តអោយបានច្បាស់លាស់មុន នឹងទៅធ្វើការនៅក្រៅប្រទេស និងលើកទឹកចិត្តឱ្យទៅធ្វើការដោយស្របច្បាប់ ព្រោះបើសិនមានបញ្ហាអ្វីមួយកើតឡើងយើង នឹងមិនរងនូវហានិភ័យព្រោះយើងមានឯកសារគ្រប់គ្រាន់ និងអាចតតាំងតាមផ្លូវច្បាប់បាន។
អ្នកស្រីបន្ថែមថា៖«តែបើសិនទៅដោយមិនស្របច្បាប់គឺប្រាកដណាស់យើងនឹងរងនូវហានិភ័យខ្ពស់ដូចជា ធ្វើការមិនបានប្រាក់កម្រៃ ការរំលោភបំពាន ឬធ្ងន់ធ្ងរបំផុតអាចបាត់ដំបងជីវិតទៀតក៏ថាបាន»។
អ្នកស្រីបន្ថែមខណៈចូលរួមកម្មវិធីយើងធ្វើបាន ដែលជាកម្មវិធីប្រឆាំងអំពើហឹង្សាលើស្រ្តី នៃវិទ្យុជាតិចំការចេកខេត្តបាត់ដំបងនាសប្តាហ៍កន្លងមកថានាពេលបច្ចុប្បន្នស្ថានភាពការជួញដូរមនុស្សគឺមានច្រើនទម្រង់ទាំងក្នុងស្រុកនិងក្រៅស្រុក ។អ្នកស្រីបញ្ជាក់ថានៅក្នុងស្រុកមានដូចជា ការជួញដូរក្រោមស្លាកយីហោ ម៉ាស្សា ផ្ទះសំណាក់ និងអាហារដ្ឋាន ហើយចំពោះការជួញដូរក្រៅស្រុកវិញគឺមានដូចជា ការចំណាកស្រុកទៅធ្វើការ និងទៅរៀបការជាដើម។ លើសពីនោះនាពេលបច្ចុប្បន្ននេះកំពុងពេញនិយមនឹងការឆបោក និងជួញដូរតាមប្រព័ន្ធអនឡាញ ជាពិសេសគឺចំពោះយុវវ័យ មិនថាក្មេងប្រុស ឬក្មេងស្រីក៏ដោយ។
លោកស្រី លឿសុម៉ាលី ប្រធានការិយាល័ការការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារី មានប្រសាសន៍ក្នុងកម្មវិធីយើងធ្វើបាននៃវិទ្យុជាតិចំការចេក ដែរថា ពិតប្រាកដណាស់កន្លងមកយើងសង្កេតឃើញថាករណីដែលប្រជាពលរដ្ឋចំណាកស្រុកដោយខុសច្បាប់គឺនៅតែមានជាបន្តបន្ទាប់ ហើយអ្នកដែលរងគ្រោះក៏យើងរកឃើញថាមានហើយយើងក៏បានចូលរួមជួយដល់ពួកគាត់ជាបន្តបន្ទាប់ដូចគ្នា។
អ្នកស្រីបន្ថែមថាសម្រាប់មន្ទីរកិច្ចការនារីបានចូលរួមយ៉ាងសកម្មចំពោះការបង្រ្កាបនិងចូលរួមចំណែកជួយដល់ជនរងគ្រោះ។ក្នុងនោះមន្ទីរបានធ្វើការអប់រំផ្សព្វផ្សាយ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋពីផលប៉ះពាល់នៅពេលដែលធ្វើការចំណាកស្រុកដោយខុសច្បាប់ និងបង្ហាញពីកលល្បិចមួយចំនួនរបស់ជនឆបោកដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់មានការប្រុងប្រយ័ត្ន និងជៀសផុតពីអំពើជួញដូរមនុស្ស។
លោកពូម៉េងជាប្រជាពលរដ្ឋម្នាក់នៅស្រុកបវេល បាននិយាយថា នៅក្នុងមូលដ្ឋានលោកគឺមានស្រ្តីម្នាក់ធ្វើការចំណាកស្រុក រហូតយកកូនទៅជាមួយដោយខុសច្បាប់ទៀត ហើយអ្វីដែលប៉ះពាល់មិនត្រឹមតែស្រ្តីម្នាក់ប៉ុណ្ណោះទេសូម្បីតែកុមារជាកូនក៏រងផលលំបាកខ្លាំងដែរ។លោកក៏បានលើកឡើងថា បើសិនជាមិនចង់អោយមានករណីជួញដូរមនុស្ស ប្រជាពលរដ្ឋគឺមិនត្រូវធ្វើការចំណាកស្រុកដោយខុសច្បាប់ទេ។ ប៉ុន្តែលោកបន្តថានៅក្នុងប្រទេសកម្ពុជាមិនសូវជាមានការងារអោយធ្វើ ជាពិសេសគឺស្រ្តីតែម្តងដូចនេះ ចង់មិនចង់គាត់ត្រូវតែបង្ខំចិត្តប្រថុយទៅរកការងារនៅក្រៅប្រទេស។
លោកដាក់សំនួរថា បើទោះបីដឹងថាអាចនឹងត្រូវគេបោកប្រាស់ ឬអាចនឹងប្រឈមនឹងការជួញដូរក៏ដោយ ប្រជាពលរដ្ឋខ្លះនៅតែចំណាកស្រុកដោយខុសច្បាប់ ត្រង់ចំណុចនេះតើខាងមន្ទីរកិច្ចការនារីមានជាផែនការ ឬមានជាការងារអ្វីខ្លះទេដែលអាចជួយដល់ស្រ្តីបាន?
ជុំវិញការលើកឡើងរបស់ពលរដ្ឋខាងលើ លោកស្រីប្រធានការិយាល័យការការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារីក៏បានលើឡើងថា សម្រាប់មន្ទីរកិច្ចការនារី គឺមានគម្រោងសម្រាប់ជួយដល់ជនរងគ្រោះ និងស្រ្តីដែលគាត់មិនចង់ចំណាកស្រុកទៅក្រៅប្រទេស ដោយមានការងារចំនួនពីរផ្នែក គឺ សាឡន និងកាត់ដេរ រៀនរយៈពេល៦ខែ ហើយមន្ទីររពង្រីកម្តងពីរស្រុក ក្នុងនោះយើងអាចជ្រើសរើសពី១០ ទៅ១៥ នាក់ ដោយពួកគាត់មករៀនដោយមិនចំណាយថវិការ ហើយមន្ទីរក៏មានសម្ភារៈសម្រាប់គាត់រៀនទៀតផង។
សូមបញ្ជាក់ផងដែរថាតាមរបាយកាករណ៍ពីស្នងការដ្ឋានខេត្តបាត់ដំបង ការជួញដូរមនុស្សគឺមាន អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងនោះបើគិតពីដើមឆ្នាំមកដល់ខែធ្នូ ឆ្នាំ២០២៤នេះ ករណីអំពើជួញដូរមនុស្សមានចំនួន ៩ករណីដែលបង្រ្កាបបាន ក្នុងនោះជនរងគ្រោះជាពលករចំនួន៤១នាក់ស្រី១២ នាក់និងជាអនីជន២នាក់។ចំពោះករណីនាំយកពលករចេញទៅក្រៅប្រទេសដោយមិនស្របច្បាប់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្រ្កាបចំនួន៦ករណីដោយឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បានចំនួន៨នាក់ ក្នុងនោះមាន ស្រី១នាក់ និងបានអនុវត្តន៍តាមនីតិវិធីបញ្ជូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង។
របាយការណ៍ស្នងការខេត្តបន្ថែមថាសមត្ថកិច្ចបានសង្គ្រោះពលករបាន៣៣នាក់ ស្រី១១នាក់ អនិតិជន២នាក់ និងធ្វើការអប់រំអោយត្រឡប់ទៅលំនៅដ្ឋានវិញ។លើសពីនោះក៏មានអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន៤ករណី ដែលមានជនរងគ្រោះចំនួន១៤នាក់ ។ ចំពោះករណីអំពើសញ្ចារកម្ម ទាក់ទងនឹងពេស្សាចារកុមារមានចំនួន២ករណី ក្នុងងនោះមានអនីតិជនចំនួន៣នាក់។

អត្ថបទដែលជាប់ទាក់ទង