ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៥៥៣គ្រួសារ រស់នៅភូមិបណ្តែតទឹកនៃឃុំពាមបាង ស្រុកស្ទោង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានចាត់ឱ្យឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិសាខា -អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥៣គ្រួសារ រស់នៅភូមិបណ្តែតទឹកចំនួន ៥ នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ដែលពិធីចែកចាយនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តទីបការាម ហៅវត្តពៅវើយ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។
ជាមួយគ្នានេះ ឯកឧត្ដមវេជ្ជ. បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេងលង់ទឹក សត្វ អាសិរពិស ផ្សេងៗ និងត្រៀមបង្ការពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ តែង តែយកចិត្តទុកដាក់ឆ្លេីយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរេីសអេីងអ្វីទាំងអស់។ បន្ថែមលើនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារសុខសន្តិភាព ដែលរកមកដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហេីយសូមបងប្អូនកុំជឿតាម ការឃោសនា អកុសលនានា ដែលនាំឱ្យបំផ្លាញសុខសុភមង្គល គ្រួសារ និងសង្គមជាតិយើង។
គូសបញ្ជាក់ថា នៅឃុំពាមបាងមានភូមិបណ្តែតទឹកចំនួន៥ មាន ៨៦០គ្រួសារ មានប្រជាពលរដ្ឋរស់នៅសរុប ៣២៥១នាក់ ស្រី១៥៩៧នាក់ ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះប្រកបមុខរបរតែមួយមុខគត់ គឺនេសាទត្រីជាលក្ខណៈគ្រួសារមិនមានមុខរបរផ្សេងទៀតនោះទេ ហើយសព្វថ្ងៃកំពុងមានជីវភាពខ្វះខាត ដោយពួកគាត់នេសាទត្រីពុំសូវបាន។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអុីវ ១យួរ និងឃីត ១ (មុង១ ភួយ ១ សារុង១ និង ក្រមា ១ ) ។ ដោយឡែកអង្ករសុខភាពចំនួន៥កេស ស្មើ៣០កញ្ចប់តូចជូនមណ្ឌលសុខភាពពាមបាងសម្រាប់ផ្តល់ជូនស្ត្រីដែលមានកូនតូច។ ជាមួយគ្នានេះអំណោយអង្គការសហប្រជាជាតិសម្រាប់មូលនិធិប្រជាជន UNFPA ប្រចាំកម្ពុជា បានឧបត្ថមឃីតអនាម័យសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីជាមាតា និងស្ត្រីមានផ្ទៃពោះចំនួន ១៨៦ឃីតផងដែរ៕