បិទការប្រកួតកីឡាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង, អភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍នេះចូលរួមបំផុសឲ្យយុវជនស្រឡាញ់កីឡា ចៀសផុតគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងអបាយមុខ

(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង-ព្រៃវែង-បន្ទាយមានជ័យ) បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលព្រឹត្តិការណ៍នេះ រៀបចំដោយសហភាពសហព័ន្ធយុវកម្ពុជាខេត្តបាត់ដំបង ចាប់ពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបិទវិញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
អភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាដ៏វិសេសវិសាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំផុស កៀរគរយុវជនគ្រប់ស្រទាប់ឲ្យស្រឡាញ់កីឡា ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងអបាយមុខផ្សេងៗ។
លោកមានប្រសាសន៍បន្តថា ការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះ ក៏បានបើកឱកាសឲ្យយុវជនគ្រប់ស្រទាប់តាមបណ្តារាជធានីខេត្តផ្សេងៗ អាចចូលរួមប្រកួតប្រជែងទៅតាមវិញ្ញាសា បានកំណត់ដោយមានភាពខុសប្លែកពីឆ្នាំមុនៗ ហើយនេះជាការរួមចំណែកបំផុសឲ្យយុវជនស្វែងយល់ពីសាមគ្គីភាព យល់ពីតម្លៃនៃការលេងកីឡា និងការប្រកួតនេះគឺដើម្បីមិត្តភាពសំខាន់បំផុត។
អនុប្រធានប្រចាំការតំណាង លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងអំណរគុណលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត ដែលបានអនុញ្ញាតឱ្យ ស.ស.យ.ក.ខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាដណ្តើមពានរង្វាន់នេះ។
លោកក៏សូមថ្លែងអំណរគុណសប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ជាថវិកា និងសម្ភារក្នុងការជួយជ្រោមជ្រែង ដល់ដំណើរការ នៃចលនារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសមាសភាពគណៈកម្មការ និងអនុគណៈកម្មការពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តពេលវេលា ក្នុងការរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដែលបានជួយសម្របសម្រួលសហការរៀបចំព្រឹត្តការណ៍ការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡាហោម ស ខេង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នេះ មាន៤វិញ្ញាសាររួមមាន៖ ប្រភេទកីឡា បាល់ទាត់ បាល់ទះ វាយសី និងប៉េតង់។ កីឡាបាល់ទះមានក្រុមចូលប្រកួតចំនួន១១ក្រុម រួមមាន៖
*ជ័យលាភីលេខ១ គឺក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់
*ជ័យលាភីលេខ២ គឺស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
*ជ័យលាភីលេខ៣ គឺស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កីឡាវាយសី មាន៨ក្រុម មកពីរាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ សរុប១៧៤នាក់ មាន៣ក្របខណ្ឌ ទទួលបានជ័យលាភីទៅក្របខណ្ឌ ក្នុងនោះមានក្រុមក្នុងខេត្តបាត់ដំបងផងដែរ។
កីឡាប៉េតង់ មាន១០វិញ្ញាសា មាន៣៨ក្រុម សរុប១៥៨នាក់ មានចំនួន ៨៦ប្រកួត ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមផែនការអប់រំ មកពីខេត្តបាត់ដំបង។ ដោយឡែកកីឡាបាល់ទាត់ មាន៣០ក្រុម សរុប៧៥០នាក់ ចែងចែក៨ពូល ក្រុមដែលទទួលបានជ័យលាភីលេខ១ គឺក្រុមស៊ានភីសិដ្ឋ ជាក្រុមក្នុងខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង