វេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ រៀបចំឡើងដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរ
ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានសម្របសម្រួលរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និងគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីយ៉េ (DEiK)។
វេទិកានេះ មានការអញ្ជើញចូលរួមពី ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនតួកគីយ៉េ ចំនួន១៨ និងក្រុមហ៊ុនកម្ពុជា ចំនួន៦ ផងដែរ។
វេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ត្រូវបានរៀបចំឡើងដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជានិងតួកគីយ៉េ ស្វែងរកឱកាសក្នុងការចាប់ដៃគូរវិនិយោគនិងធ្វើធុរកិច្ចរួមគ្នា។
ក្នុងឱកាសនោះ សភាពាណិជ្ជកម្មកម្ពុជា និងសភាឧស្សាហកម្មអង់ការ៉ា បានចុះនូវអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគ។
ជាងនេះទៅទៀត គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងលោកអនុព័ន្ធពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មទី១ ទីក្រុងអង់ការ៉ា ដើម្បីសិក្សាស្វែងយល់អំពីដំណើរការរោងចក្រចំនួន៤ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រតំឡើង Excavator រោងចក្រផលិតចំណីអាហារបង្កក និងមជ្ឈមណ្ឌលគំរូសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស៕