ក្រុមឡានតាក់ស៊ី ៦នាក់ ពាក់ព័ន្ធករណីប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ កម្លាំងនគរបាលតាមចាប់ខ្លួន
(ព្រះសីហនុ)៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យក្រុមឡានតាក់ស៉ី ១ក្រុម ពាក់ព័ន្ធករណីប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីភ្ញៀវ២នាក់ ជាជនជាតិបរទេស និងខ្មែរ នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ការឃាត់ខ្លួននេះ ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ អៀម ពិសី និងឈ្មោះ MOHAMMA ABU TAHER កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញផែនការងារនគបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងបក្ខពួកមួយចំនួនបានរត់គេចខ្លួន។
របាយការណ៍ ដែលបណ្តាញ ទទួលបាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយមានការបញ្ជាដឹកនាំពី ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បើកការស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួល នីតិវិធី ពីលោកសៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដល់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន០៦នាក់ និហបានដកហូតវត្ថុតាងមានដូចជា កាំបិតស្នៀតចំនួន៣ ដំបងគ្រលាស់ចំនួន ២ និងដំបងឆក់ចំនួន១ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ធ្វើសកម្មភាពកំហែងយកប្រាក់ចំនួន៧៥០ដុល្លារអាមេរិក, ទូរស័ព្ទចំនួន២គ្រឿង និងកាតប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០ និង០០នាទី ចំណុចក្បែរទីតាំងអគារពងមាន់(K99) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធីច្បាប់ ៕