វេណេហ្ស៊ុយអេឡា បានអះអាងមនុស្ស៥៣៣នាក់ ដែលត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការតវ៉ាជុំវិញការបោះឆ្នោតកាលពីខែកក្កដា ត្រូវបានដោះលែងឱ្យមានសេរីភាព
ការ៉ាកាស៖ អគ្គមេធាវីប្រទេសវេណេហ្ស៊ុយអេឡា បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី១៦ធ្នូថា មនុស្ស៥៣៣នាក់ដែលត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងការតវ៉ាជុំវិញការបោះឆ្នោតកាលពីខែកក្កដា ត្រូវបានដោះលែងឱ្យមានសេរីភាព។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសវេណេហ្ស៊ុយអេឡា បានលើកឡើងថា អ្នកតវ៉ាការបោះឆ្នោតចំនួន៣២៨នាក់ ត្រូវបានដោះលែង រួមទាំង១០៣នាក់ត្រូវបានដោះលែងកាលពីសប្តាហ៍មុន និង២២៥នាក់ត្រូវបានដោះលែងកាលពីខែវិច្ឆិកា។ ដោយឡែក អង្គការឃ្លាំមើលពន្ធនាគារវេណេហ្ស៊ុយអេឡា បានបង្ហាញនៅលើបណ្តាញសង្គម X ថា បាតុករ៣នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង រួមទាំងការស្លាប់២នាក់ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ យ៉ាងណា ទាំងការិយាល័យអគ្គមេធាវី និងក្រសួងព័ត៌មាន មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គេនៅចាំបានថា មនុស្សជាង២០០០នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមតវ៉ាក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់កាលពីខែកក្កដាកន្លងទៅ។ នេះបើយោងតាមរដ្ឋាភិបាល។ អាជ្ញាធររៀបចំការបោះឆ្នោត និងតុលាការកំពូលរបស់ប្រទេសនេះ បានអះអាងថា ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានឈ្នះឆ្នោតប្រធានាធិបតីអាណត្តិទី៣ ខណៈចំនួនសន្លឹកឆ្នោតសរុបមិនត្រូវបានបង្ហាញ បើទោះបីជាមានការស្នើសុំពីអន្តរជាតិក៏ដោយ។ ចំណែក ឯគណបក្សប្រឆាំងរបស់ប្រទេសនេះបានបង្ហាញចំនួនសន្លឹកឆ្នោតអំពីការទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីសម្រាប់បេក្ខជនរបស់ខ្លួន៕