រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីលែន លាលែងពីតំណែង
អូតាវ៉ា៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី គ្រីស្ទី ហ្វ្រីលែន បានលាលែងពីតំណែងកាលពីថ្ងៃទី១៦ធ្នូ បន្ទាប់ពីបានប៉ះទង្គិចពាក្យសម្តីជាមួយនាយករដ្ឋមន្ត្រី លោក ចាស្ទីន ទ្រូដូ លើបញ្ហានានា រួមទាំងរបៀបដោះស្រាយពន្ធគយរបស់សហរដ្ឋអាម៉េរិក និងការចំណាយរដ្ឋាភិបាល។
លោកស្រី ហ្វ្រីលែន បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ទ្រូដូ កាលពីសប្តាហ៍មុន ដែលស្នើសុំឱ្យលោកស្រីកាន់តំណែងថ្នាក់ទាបជាងនេះ បន្ទាប់ពីអ្នកទាំងពីរខ្វែងគំនិតគ្នាជាច្រើនសប្តាហ៍លើការចំណាយ។ រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ លោក ដូមីនិក ឡឺប្លាំង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីនៃរដ្ឋាភិបាលសេរីនិយម។ ការលាលែងពីតំណែងរបស់លោកស្រី ហ្វ្រីលែន ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ គឺជាវិបត្តិដ៏ធំបំផុតមួយ ដែលលោក ទ្រូដូ បានប្រឈមមុខចាប់តាំងពីការឡើងកាន់អំណាចក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។
លោកស្រី ហ្វ្រីលែន បានលាឈប់ពីការងារតែប៉ុន្មានម៉ោងមុនពេលលោកស្រីត្រូវបង្ហាញបច្ចុប្បន្នភាពសេដ្ឋកិច្ចធ្លាក់ចុះដល់សភា។ ឯកសារនេះ បង្ហាញថា រដ្ឋាភិបាលសេរីនិយមបានធ្វើឱ្យមានឱនភាពថវិកាឆ្នាំ២០២៣ និង២០២៤ ចំនួន៦១,៩ពាន់លានដុល្លារកាណាដា ខ្ពស់ជាងការព្យាករ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី ហ្វ្រីលែន និងលោក ទ្រូដូ បានប៉ះទង្គិចគ្នាជុំវិញសំណើរបស់រដ្ឋាភិបាលសម្រាប់ការបន្ធូរបន្ថយពន្ធបណ្តោះអាសន្ន និងវិធានការចំណាយផ្សេងទៀត។
លោកស្រី ហ្វ្រីលែន បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់លោក ទ្រូដូ ដែលបង្ហោះនៅលើកម្មវធី X ថា៖«ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នក និងខ្ញុំបានទាស់ទែងគ្នាអំពីអ្វីដែលល្អបំផុតសម្រាប់អនាគតរបស់ប្រទេសកាណាដា។ សក្តានុពលនៃពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងត្រូវរក្សាថវិការបស់យើងនៅថ្ងៃនេះ ដើម្បីឱ្យមានទុនបម្រុងដែលត្រូវការសម្រាប់សង្គ្រាមពន្ធដារ»។
គួររំឭកថា លោកស្រី ហ្វ្រីលែន បានបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងបន្ទាប់មកជារដ្ឋមន្ត្រីការបរទេស មុនពេលចូលកាន់តំណែងផ្នែកហិរញ្ញវត្ថុនៅខែសីហា ឆ្នាំ២០២០។ ក្នុងនាមជារដ្ឋមន្ត្រី លោកស្រីបានត្រួតពិនិត្យយុទ្ធនាការចំណាយរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយការខូចខាត ដែលបង្កឡើងដោយជំងឺកូវីដ-១៩៕