រុស្ស៊ី ចាប់បានជនស//ង្ស័យនៅពីក្រោយការធ្វើឃាត ឧត្តមសេនីយ៍ផ្កាយ២

សេវាសន្តិសុខរុស្ស៊ី បានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យម្នាក់ នៅពីក្រោយការសម្លាប់ឧត្តមសេនីយ៍ផ្កាយ២ Igor Kirillov និងសហការីរបស់គាត់ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។
ក្នុងសេចក្តីប្រកាសនៅថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ និងចេញផ្សាយដោយ BBC, សេវាសន្តិសុខរុស្ស៊ីអះអាងថា ជនសង្ស័យមានសញ្ជាតិអ៊ូសបេគីស្ថានអាយុ២៩ឆ្នាំ ហើយរូបគេគឺធ្វើការឲ្យចារកម្មអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ រុស្ស៊ីមិនទាន់បញ្ចេញឈ្មោះ ឬព័ត៌មានលម្អិតអំពីជនសង្ស័យម្នាក់នេះឡើយ ខណៈការសួរចម្លើយនិងស៊ើបអង្កេតកំពុងបន្ត។
លោក Kirillov ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី (NBC) ត្រូវគេធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិច ពេលគាត់ដើរចេញពីផ្ទះក្នុងទីក្រុងមូស្គូ ហើយភ្លាមៗក្រោយពីនោះ ទីក្រុងកៀវ បានចេញមុខទទួលខុសត្រូវថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន។
សេវាសន្តិសុខអ៊ុយក្រែនហៅកាត់ SBU បញ្ជាក់ថា «លោក Igor Kirillov គឺជាឧក្រិដ្ឋជនសង្គ្រាមនិងជាគោលដៅស្របច្បាប់របស់អ៊ុយក្រែន ព្រោះគាត់ជាអ្នកចេញបញ្ជាឲ្យប្រើប្រាស់អាវុធគីមីដែលគេហាមឃាត់ ដើម្បីប្រឆាំងនឹងយោធាទីក្រុងកៀវ។ ដូច្នេះ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ គឺចៀសមិនផុតឡើយ»។
ដោយឡែកអាមេរិកឯណោះ បានចេញមុខបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីឡើយ ចំពោះរឿងនេះ ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោក Matthew Miller និយាយថា «ខ្ញុំសូមប្រាប់ថា សហរដ្ឋអាមេរិក មិនបានដឹងអ្វីមុនឡើយនៃការសម្លាប់នេះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ»។
សូមបញ្ជាក់ថា លោក Kirillov គឺជាមន្ត្រីយោធាឋានៈខ្ពស់បំផុត ដែលត្រូវធ្វើឃាតចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ហើយគេបារម្ភថា ការធ្វើឃាតថ្មីនេះ នឹងដុតបញ្ឆេះសង្គ្រាមកាន់តែក្តៅរោលរាល៕

អត្ថបទដែលជាប់ទាក់ទង