ក្មេងប្រុស អាយុ១១ឆ្នាំម្នាក់ បានទៅលេងទឹកនៅច្រាំងទន្លេមេគង្គ ហើយបានលង់ទឹកលិចបាត់ប្រមាណជាង១ម៉ោង ទើបបងប្អូនជួលជនជាតិឥស្លាម ឲ្យជួយរាវរកឃើញ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្មេងដែលលង់ទឹកស្លា.ប់ មានឈ្មោះ ពិសិដ្ឋ រិទ្ធី ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាវត្តខ្ទរ មានលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញក្មេងមួយក្រុម មានគ្នាប្រមាណ ៦ទៅ ៧នាក់ បាននាំគ្នាទៅលេងទឹក នៅច្រាំងទន្លេមេគង្គ មុខវត្តខ្ទរ ។ ខណៈនោះ អ្នកស្ទូចត្រី បានប្រាប់កុំឱ្យលេងទឹកអី ព្រោះខ្លាច.លង់ ប៉ុន្តែក្មេងៗមិនស្តាប់ទេ ។ លុះក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលឡើងថា ក្មេងប្រុសម្នាក់ លិចបាត់នៅក្នុងទន្លេហើយ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅក្បែរខាង រួមទាំងអ្នកស្ទួចត្រី បាននាំគ្នា ងូតរាវរកដែរ ប៉ុន្តែរកមិនឃើញឡើយ ។ លុះក្រោយមក ក៏ដឹងដល់ក្រុមគ្រួសារ ហើយទាក់ទងជួលជនជាតិឥស្លាម ឲ្យមកជួយរាវរក រហូតដល់ម៉ោងជាង៥រសៀលថ្ងៃដដែល ទើបរាវរកឃើញ ។
តាមព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុ ក្មេងប្រុសរូបនោះ បានសុំជីដូន ទៅរៀនគួរ នៅសាលាបឋមសិក្សាវត្តខ្ទរ បន្ទាប់ពីរៀនចប់ហើយ ក៏បានបបួលគ្នា ទៅលេងទឹកទន្លេ កន្លែងកើតហេតុខាងលើ ក៏មានគ្រោះថ្នាក់ តែម្ដង ។
គួរបញ្ជាក់ថា នៅច្រាំងទន្លេ មុខវត្តខ្ទរ ជាកន្លែងជើងកប កន្លងមកតែងតែមានក្មេងលង់ទឹកបានលង់ស្លា.ប់ជាបន្តបន្ទាប់ ។ បន្ទាប់ពីរាវរកស.ពឃើញ ក្រុមគ្រួសារក៏បានទ្រហោយំ អាឡោះអាល័យ រួចនាំស.ពកូនទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង