រដ្ឋមន្ត្រីកាណាដា បង្ហាញអំពីផែនការសន្តិសុខព្រំដែន និងអន្តោប្រវេសន៍

រូនតូ៖ រដ្ឋមន្ត្រីកាណាដាបានបង្ហាញជាសាធារណៈ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ អំពីផែនការសន្តិសុខព្រំដែន ដោយសង្កត់ធ្ងន់លើការឃ្លាំមើល ការស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធបច្ចេកវិទ្យាផ្តោតលើសន្តិសុខព្រំដែន និងអន្តោប្រវេសន៍។ ការលើកឡើងនេះ គឺចង់បង្ហាញដល់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ថា កាណាដាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយពួកគេ។
រដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈ ហិរញ្ញវត្ថុ និងអន្តររដ្ឋាភិបាលកាណាដា លោក ដូមីនីក ឡឺប្លាំង បានជួបជាមួយលោក ថម ហូម៉ែន (Tom Homan) ជាអ្នកកាន់កិច្ចការព្រំដែនរបស់លោក ត្រាំ។
លោក ឡឺប្លាំង និងសហការីរបស់លោក បានប្រកាសកាលពីថ្ងៃអង្គារនូវផែនការពង្រឹងព្រំដែនសហរដ្ឋអាម៉េរិក-កាណាដា ជាមួយនឹងឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក ប៉មឃ្លាំមើល និងសត្វឆ្កែហិតក្លិន ក៏ដូចជាកងកម្លាំងដើម្បីកំណត់គោលដៅឧក្រិដ្ឋកម្មឆ្លងដែន។
កាណាដាស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើនសន្តិសុខព្រំដែនរបស់ខ្លួន ជាមួយសហរដ្ឋអាម៉េរិក ចាប់តាំងពីលោក ត្រាំ បានគំរាមកំហែងកាណាដា និងម៉ិកស៊ិក ជាមួយនឹងពន្ធ ២៥ភាគរយ ប្រសិនបើពួកគេមិនរារាំងចលនាជនចំណាកស្រុក និងគ្រឿងញៀនចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។
អាជ្ញាធរសហរដ្ឋអាម៉េរិក បានចាប់ខ្លួនមនុស្សជាង ២៣០០០នាក់ នៅជិតព្រំដែនសហរដ្ឋអាម៉េរិក-កាណាដា ក្នុងរយៈពេល១២ខែ ដែលបញ្ចប់កាលពីខែតុលា ខណៈចំនួននេះច្រើនជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាណាដាសន្យាផ្តល់ថវិកា ៩០៩លានដុល្លារ ក្នុងការចំណាយសន្តិសុខព្រំដែន។ ប៉ូលិសកាណាដាបានអះអាងថា ពួកគេបានដំឡើងកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាបន្ថែមទៀតនៅលើតំបន់ និងច្រកឆ្លងកាត់ដ៏មមាញឹកបំផុតក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។
គួរជម្រាបផងដែរថា កាណាដាក៏មានគម្រោងធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរ លុបចោល ផ្អាក ឬផ្លាស់ប្ដូរឯកសារអន្តោប្រវេសន៍សម្រាប់ហេតុផលដែលចាត់ទុកថា ជាផលប្រយោជន៍សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង