ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងពិគ្រោះពិភាក្សា រកដំណោះស្រាយ ព្រមទាំងផ្តល់អនុសាសន៍លើបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យការអនុវត្តផែនការឆ្នាំថ្មី ឆ្នាំ២០២៥ ខាងមុខនេះមានដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ទាប់ពីធ្វើការបូកសរុប វាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សមាសភាពនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ (គ.ដ.ដ.) គ្រប់រូប ត្រូវពង្រឹងលើការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យស្របតាមមាត្រា៥១២ មាត្រា៥១៣ មាត្រា៥១៤ មាត្រា៥១៥ និងមាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងតាមគោលការណ៍ណែនាំ ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាននានា ដែលមានការពាក់ព័ន្ធ។
លើសពីនេះទៀត សមាសភាព គ.ដ.ល. ត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួនក្នុងការផ្តល់យោបល់លើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ដោយយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ជានិច្ច ព្រមទាំងឆាប់រហ័ស ជាពិសេស មុននឹងផ្តល់យោបល់លើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ត្រូវតែពិនិត្យឱ្យបានម៉ត់ចត់លើ យោបល់របស់ប្រធានពន្ធនាគារ ព្រះរាជអាជ្ញា និងឯកសារពាក់ព័ន្ធទាំងអស់ដែលទទួលបានពីប្រធានសាលាដំបូង។
សម្រាប់ឆ្នាំ២០២៥ខាងមុខ គណៈកម្មាធិការជាតិនឹងពង្រឹងបន្ថែមទៀតលើការអប់រំផ្សព្វផ្សាយអោយបានស៊ីជម្រៅដល់អ្នកប្រតិបត្តិ និងអ្នកពាក់ព័ន្ធទាំងអស់ ទាក់ទងនឹងយន្នការនៃការដោះលែងដោយមានលក្ខខណ្ឌនេះ ៕

អត្ថបទដែលជាប់ទាក់ទង