រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តដល់មន្រ្តីរាជការ សូមយកឈ្នះលើទឹកចិត្តខ្លួនឯង និងស្គាល់ផ្លូវដែលត្រូវដើរ

ភ្នំពេញ៖ នាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង ហើយដោយត្រូវពង្រឹងអង្គភាព ឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួតនាពេលអនាគត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីរាជការ ដែលចូលរួមយ៉ាងសស្រាក់សស្រាំង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងបានលើកទឹកចិត្តដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវយល់ថាការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក។
នាឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមសាស្រ្តបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រី ចូលរួមថែរក្សាអនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារមានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ឱ្យបានកាន់តែល្អប្រសើរ។ ក្នុងនោះចំពោះឱសថសារវន្ត ត្រូវថែរក្សាទុកដាក់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ បន្ថែមឍពីនោះ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត ត្រូវឈរលើគោលការណ៍សន្សំសំចៃ និងត្រូវតាមដានសិក្សាស្វែងយល់ជាប្រចាំ ករណីមានការកើនឡើង។
ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយពិនិត្យ និងរំលឹកពីការដឹកនាំជំនាន់មុន ដែលមានស្នាដៃល្អ ដោយត្រូវយកធ្វើជាគំរូ ធ្វើឱ្យបានល្អ ឬកាន់តែល្អជាងមុន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើរដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព។ សូមជូនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ៕

អត្ថបទដែលជាប់ទាក់ទង