ទេសរដ្ឋមន្ត្រី លោក ឆៃ ស៊ីណារិទ្ធ ជំរុញឱ្យក្រុមការងារសហការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ នាព្រឹកថ្ងែទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសក្រុមការងារចុះជួយមូលដ្នានខណ្ឌដូនពេញ ស្របតាមកម្មវិធីនយោបាយបញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីនយោបាយអាទិភាពទាំង៦ វិធានគន្លឹះរបស់រាជរដ្នាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ត្រី លោក ឆៃ ស៊ីណារិទ្ធ បានណែនាំដល់ក្រុមការងារថ្នាក់ជាតិទទួលលើកិច្ចការងារអនុវត្តគោលនយោបាយតាមសង្កាត់ គឺត្រូវបង្កើនការទទួលខុសត្រូវក្នុងការផ្សារភ្ជាប់ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមូលដ្ឋានសង្កាត់នីមួយៗ មើលលើបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ដោយទាំងអស់គ្នាជំរុញកិច្ចសហការដោះស្រាយ ឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានជួបការលំបាក និងធ្វើយ៉ាងណាធ្វើឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
លោកបានជំរុញដល់ក្រុមការងារត្រូវចេះចលនាវាយបកដល់ក្រុមអមិត្ត ពួកអគតិខាងក្រៅ ដែលចេះតែបង្កបញ្ហាគ្រប់ពេលវេលាញុះញ៉ង់ធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ ដែលខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បន្តថា ក្នុងនាមជាប្រធានក្រុមការងារ យើងនៅជាមួយគ្នាត្រូវរួមគ្នាសាមគ្គីគ្នាយកបញ្ហាទាំងអស់ ដែលកើតមានក្នុងមូលដ្ឋានខណ្ឌដូនពេញ យកមកដោះស្រាយអោយទាន់ពេលវេលា ។លោកបានជំរុញអោយក្រុមការងារទាំងអស់ ត្រូវបង្កើនការងារចុះផ្ទាល់ជាមួយប្រជាពលរដ្ឋអោយបានល្អ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីរួមគ្នាដោះស្រាយ ចៀសវាងការប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ មានសមាសភាពដូចខាងក្រោម៖
១-សង្កាត់ផ្សារថ្មីទី១៖ លោកស្រី ប៉ុន ដានី អភិបាលស្វយ័តផ្សារធំថ្ម ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់។
២-សង្កាត់ផ្សារថ្មីទី២៖ លោក ពៅ គាងឡេង ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ជាប្រធាន និងលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ជាអនុប្រធាន ព្រមទាំងសមាជិក សរុប ២៧នាក់។
៣-២-សង្កាត់ផ្សារថ្មីទី៣៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៥នាក់។
៤-សង្កាត់បឹងរាំង៖ លោកសមូហកបណ្ឌិត ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១១នាក់។
៥-សង្កាត់ផ្សារកណ្តាលទី១៖ លោក សុខ ពេញវុធ អភិបាលរង រាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់។
៦-សង្កាត់ផ្សារកណ្តាលទី២៖ លោក ហាយ មករា អគ្គលេខាធិការ ម.ប.ព ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់។
៧-សង្កាត់ចតុមុខ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៨នាក់។
៨-សង្កាត់ជ័យជំនេះ៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១២នាក់។
៩-សង្កាត់ផ្សារចាស់៖ លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ៣១នាក់។
១០-សង្កាត់ស្រះចក៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៣នាក់។
១១-សង្កាត់វត្តភ្នំ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់៕

អត្ថបទដែលជាប់ទាក់ទង