ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យអាងទឹកដើម្បីសិក្សាលទ្ធភាពពង្រីកការស្តុកទឹក ជួយដល់ការផ្គត់ផ្គង់ទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងអាងទឹកមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងដើម្បីពិនិត្យលទ្ធភាពពង្រីក និងបង្កើនសមត្ថភាពស្តុកទឹកបម្រើដល់ពហុវិស័យ ជាពិសេសជួយដល់ការផ្គត់ផ្គង់ទឹកស្អាតដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគ្រប់គ្រងអាងទឹក និងរៀបចំផែនការគ្រប់គ្រងធនធានទឹកឱ្យបានច្បាស់លាស់ ដើម្បីបម្រើឱ្យពហុវិស័យ ជាពិសេសការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនារដូវប្រាំង។
សូមជម្រាបថា បេសកកម្មនាពេលនេះក៏មានការចូលរួមសហការពីក្រុមការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ៕